ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ច​ចិន​ព្យាយាម​ ទប់ទល់​នឹង​បញ្ហា​ ប្រឈម​របស់​លោក Trump ក្នុងពេល ដែលលោក Donald Trump ធ្លាប់បានប្តេជ្ញាថា នឹងដាក់ពន្ធនាំ ចូលរហូតដល់ ៦០ភាគរយ លើទំនិញចិន

AFP

បរទេស៖ ទីក្រុងប៉េកាំងអាចនឹង បញ្ចេញនូវកម្លាំង ជំរុញបន្ថែមទៀត បង្កើនពាណិជ្ជកម្ម ជាមួយប្រទេសផ្សេងទៀត និងពន្លឿនភាពគ្រប់គ្រាន់ នៃបច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនសម្រាប់អាណត្តិទីពីរ ក្រោមការដឹកនាំរបស់លោក Donald Trump ប្រធានាធិបតីថ្មីអាមេរិក ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីសប្តាហ៍មុន អាជ្ញាធរចិនបានប្រកាសកម្មវិធីដោះដូរបំណុលសម្រាប់បំណុលចំនួន ១០ ពាន់ពាន់លានយន់ (១,៤ ពាន់ពាន់លានដុល្លារ) ដើម្បីជួយរដ្ឋាភិបាលក្នុង តំបន់បន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ពួកគេ នេះមិនមែនជាកញ្ចប់ជំរុញ ដោយផ្ទាល់ដូច កម្មវិធីមុនៗទេ ។ មន្ត្រី​គ្រាន់តែ​ព្យាយាម​បង្កើត​តារាងតុល្យការ​ ក្នុងស្រុក​ក្នុង​គោលបំណង​រយៈពេល​វែង ជាជាង​ការ​បញ្ចូល​លុយ​ដោយផ្ទាល់​ទៅក្នុង​ សេដ្ឋកិច្ចតែប៉ុណ្ណោះ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនលោក Lan Fo’an បាននិយាយថា វិធានការជំរុញបន្ថែមទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ អ្នកវិភាគរបស់សារព័ត៌មាន Reuters បាននិយាយថា ទីក្រុងប៉េកាំងប្រហែលជាមិនចង់ “បញ្ចេញអាវុធទាំងអស់របស់ខ្លួន” មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក Donald Trump ចូលកាន់តំណែងជាផ្លូវការនៅខែមករាឆ្នាំ ២០២៥ នោះទេ ។

នៅថ្ងៃដដែល ទូរទស្សន៍រដ្ឋចិន (CCTV) បានរាយការណ៍ថា អាជ្ញាធរបាន អនុម័តលើការពង្រីក កម្មវិធីធានារ៉ាប់រង លើការនាំចេញ ហើយបានសន្យាថា នឹងបង្កើនការគាំទ្រ ដល់ក្រុមហ៊ុនពាណិជ្ជកម្ម ដែលជាវិធានការមួយ ដែលត្រូវបាន គេមើលឃើញថា ជាការឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះលទ្ធផលបោះឆ្នោតអាមេរិក និងការកើនឡើងហានិភ័យពាណិជ្ជកម្ម។

លោក Yue Su ប្រធានសេដ្ឋវិទូនៅ Economist Intelligence Unit បាននិយាយថា “កិច្ចប្រជុំកាលពីសប្តាហ៍មុន ស្របពេលជាមួយនឹងលទ្ធផលបោះឆ្នោត របស់សហរដ្ឋអាមេរិក ដែលបង្ហាញថា រដ្ឋាភិបាលចិនបានត្រៀមខ្លួន ជាស្រេចដើម្បីធ្វើសកម្មភាពយ៉ាងឆាប់រហ័ស” ។

សូមរំលឹកថា ក្នុងអំឡុងពេលយុទ្ធនាការ បោះឆ្នោតរបស់ខ្លួន លោក Donald Trump បានប្តេជ្ញាថា នឹងដាក់ពន្ធនាំចូល រហូតដល់ ៦០ភាគរយ លើទំនិញចិនដែលនាំចេញមកកាន់សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួន លោក Donald Trump ក៏បានដាក់ពន្ធនាំចូល ២៥ភាគរយ ផងដែរ លើទំនិញចិនដែលមានតម្លៃ ៣៥០ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានសន្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លើកនេះ អ្នកជំនាញនិយាយថា គោលនយោបាយពន្ធថ្មី នឹងបង្កបញ្ហាប្រឈមកាន់តែច្រើនសម្រាប់ប្រទេសចិន ព្រោះវាមកក្នុងពេលវេលាដ៏សំខាន់ សម្រាប់ប្រទេសមហាអំណាច សេដ្ឋកិច្ចទីពីររបស់ពិភពលោក។ ទីក្រុងប៉េកាំងកាន់តែពឹងផ្អែកលើការ នាំចេញសម្រាប់កំណើន ចំពេលមានវិបត្តិអចលនទ្រព្យ និងការប្រើប្រាស់ក្នុង ស្រុកចុះខ្សោយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top