ព័ត៌មានអន្តរជាតិ

វៀតណាម កំពុងព្រួយបារម្ភចំពោះ App លក់រាយតាមអិនធ័រណិត ចំនួន២របស់ចិន ដែលកំពុងបញ្ចុះតម្លៃច្រើន និងទាមទារឱ្យ App ទាំងពីរនេះ ត្រូវចុះបញ្ជីរជាដាច់ខាត

Shein vs. Temu: La Batalla Legal del Comercio Electrónico"

បរទេស៖ ប្រទេសវៀតណាមបាននិយាយថា កម្មវិធី App លក់រាយតាមអ៊ីនធឺណិតរបស់ចិន Shein និង Temu ចាំបាច់ត្រូវចុះឈ្មោះជាមួយរដ្ឋាភិបាល មុនដំណាច់ខែវិច្ឆិកានេះ បើមិនដូច្នោះទេវានឹងបិទដែនអ៊ីនធឺណែត និងកម្មវិធីរបស់ពួកគេមិន ឱ្យប្រើប្រាស់នៅក្នុងប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាល និងអាជីវកម្មក្នុង ស្រុករបស់វៀតណាម បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ នៃវេទិកាអនឡាញរបស់ចិន នៅលើទីផ្សារក្នុងស្រុក ដោយសារតែការបញ្ចុះតម្លៃយ៉ាងច្រើន។ ក្រសួង​ពាណិជ្ជកម្ម​វៀតណាម ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​អំពី​សក្តានុពល​សម្រាប់​ការ​លក់​ទំនិញ​ក្លែងក្លាយ។

លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាមបានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលកាលពីចុងសប្តាហ៍ថា ក្រសួងបានធ្វើការជាមួយទាំង Shein និង Temu លើបញ្ហាអាជ្ញាប័ណ្ណ។

លោក Long បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថា “បន្ទាប់ពីការជូនដំណឹងរបស់ក្រសួង ប្រសិនបើវេទិកាទាំងនេះមិនអនុវត្តតាម នោះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការបច្ចេកទេសដូចជាការទប់ស្កាត់កម្មវិធី និងដែនគ្រប់គ្រង”។

កម្មវិធី App Shein និង Temu មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ អ្នកលក់រាយម៉ូតរហ័ស Shein បាននឹងកំពុងលក់ទៅប្រទេសវៀតណាមយ៉ាងហោចណាស់ ២ ឆ្នាំ ហើយ ខណៈពេលដែលក្រុមហ៊ុន Temu ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន e-commerce យក្សរបស់ចិន PDD Holdings បានចាប់ផ្តើមអនុញ្ញាត ឱ្យអ្នកប្រើប្រាស់នៅក្នុង ប្រទេសវៀតណាមទិញទំនិញកាលពីខែមុន។

វៀតណាម​អនុញ្ញាត​ឱ្យ​ទំនិញ​ នាំ​ចូល​តម្លៃ​រហូត​ដល់ ៤០ ដុល្លារ​រួច​ផុត​ពី​ពន្ធ​លើ​តម្លៃ​បន្ថែម ។ ក្រសួងហិរញ្ញវត្ថុវៀតណាម បាននិយាយថា ទំនិញភាគច្រើន ដែលទទួលបាន អត្ថប្រយោជន៍ពីការផ្តាច់ពន្ធនេះ ត្រូវបាននាំចូលតាមរយៈវេទិកា ពាណិជ្ជកម្មអេឡិចត្រូនិក ហើយខ្លួនកំពុងពិចារណា បញ្ចប់ការផ្តាច់ពន្ធនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top