ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី នឹងតវ៉ាជុំវិញច្បាប់ដែនសមុទ្រថ្មីរបស់ហ្វីលីពីន ដោយសារតែការទាមទារត្រួតស៊ីគ្នានៅក្នុងសមុទ្រចិនខាងត្បូង

Xinhua

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសម៉ាឡេស៊ីនឹងផ្ញើលិខិតតវ៉ាមួយទៅកាន់ប្រទេសហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នារបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ការតវ៉ានឹងធ្វើឡើងតាមពាក្យបណ្តឹងរបស់ចិនផងដែរ ជុំវិញច្បាប់តំបន់ដែនសមុទ្ររបស់ហ្វីលីពីន និងច្បាប់ផ្លូវសមុទ្រប្រជុំកោះ ដែលទីក្រុងម៉ានីលបាននិយាយថា មានគោលបំណងពង្រឹងការទាមទារដែនសមុទ្ររបស់ខ្លួន និងពង្រឹងបូរណភាពទឹកដីរបស់ខ្លួន។

អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Alamin បាននិយាយថា រដ្ឋាភិបាលបានពិនិត្យឡើងវិញនូវឯកសារយោងដែលទាក់ទងទៅនឹងច្បាប់របស់ប្រទេសហ្វីលីពីន ហើយបានរកឃើញថា ច្បាប់នេះប៉ះពាល់ដល់ការទាមទារទៅរដ្ឋ Sabah របស់ម៉ាឡេស៊ីនៅលើកោះ Borneo ។

លោក Mohamad បានប្រាប់សភាថា “យើងនឹងផ្ញើលិខិតតវ៉ានៅថ្ងៃនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋ Sabah និងអធិបតេយ្យភាពនៃប្រទេសរបស់យើង” ។

ចំណែកក្រសួងការបរទេសហ្វីលីពីន មិនបានឆ្លើយតបភ្លាមៗ ដើម្បីស្នើសុំការអត្ថាធិប្បាយទេ។

សូមជម្រាបថា ប្រទេសហ្វីលីពីនមានការទាមទារដោយស្ងប់ស្ងាត់ចំពោះផ្នែកខាងកើតនៃរដ្ឋ Sabah ដែលមានអាយុកាលតាំងពីសម័យអាណានិគម ប៉ុន្តែសេចក្តីថ្លែងការណ៍ផ្លូវការអំពីបញ្ហានេះកម្រមានណាស់។ តុលាការ​កំពូល​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១១ បាន​សម្រេច​ថា ការ​ទាមទារ​នេះ​មិន​ត្រូវ​បាន​គេ​បោះបង់​ចោល​ឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top