បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Space.com បានសរសេរថា បេសកកម្មរបស់ចិន ដើម្បីសាកល្បងបច្ចេកវិទ្យា ធនធាននៅប៉ូលខាងត្បូង របស់ព្រះច័ន្ទកំពុងមានរូបរាងកាន់តែខ្លាំងក្លា ជាពិសេសថែមទាំងអាចរួមបញ្ចូល ទម្រង់រ៉ូបូតដែលមាន រូបរាងជាមនុស្សផងដែរ។
លោក Wang Qiong ប្រធានផ្នែកឌីសាញ នៃបេសកកម្ម Chang’e 8 នាពេលថ្មីៗនេះ បានបង្ហាញការអាប់ដេតអំពីគម្រោងនៅទីក្រុងប៉េកាំង នេះបើយោងតាមការបង្ហោះនៅ លើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដែលគាត់បានបញ្ជាក់ថាបេសកកម្មនេះ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៨ ហើយនឹងមានបំណងចុះចតនៅជិតប៉ូលខាងត្បូងរបស់ព្រះច័ន្ទ។
តាមប្រភពដដែលនៅទីនោះ ចិននឹង ធ្វើការសាកល្បងបច្ចេកវិជ្ជាប្រើប្រាស់ធនធាន នៅក្នុងទីតាំងសក្តានុពលដោយប្រើបច្ចេកទេសបោះពុម្ព 3D ដើម្បីបង្កើតឥដ្ឋហើយនិងអនុវត្តការ ពិសោធន៍ប្រព័ន្ធអេកូដែលអាចប្រតិបត្តិការនៅលើដីផងដែរ ។
ការបង្ហោះថ្មីបង្ហាញពីស្លាយដែលរៀបរាប់លម្អិតអំពីយានអវកាស Chang’e 8 ដែលនឹងធ្វើបេសកកម្ម យានចុះចតជើងបួន ដែលកើតចេញពីការចុះចតតាមច័ន្ទគតិដោយយាន Chang’e ដែលទទួលបានជោគជ័យពីមុន របស់ប្រទេសចិន នឹងផ្ទុកនូវឧបករណ៍វិទ្យាសាស្ត្រជាច្រើន រួមទាំងកាមេរ៉ា តេឡេស្កុប និងឧបករណ៍វាស់ស្ទង់រញ្ជួយដីផងដែរ។
គួរឲ្យដឹងដែរថាបេសកកម្មរបស់ Chang e រួមបញ្ចូលទាំងការថត រូបស្តេរ៉េអូស្កូបនៃផ្ទៃព្រះច័ន្ទដោយធ្វើការវិភាគ
គីមីវិទ្យានៃផ្ទៃ និងបច្ចេកវិទ្យាសាកល្បង ដែលអាចប្រើក្នុងការពង្រីក កម្មវិធីអវកាសជាតិរបស់ចិនទៅកាន់ឋានព្រះច័ន្ទ៕
ប្រែសម្រួល៖ស៊ុនលី