ព័ត៌មានអន្តរជាតិ

ថៃ៖ ស្រ្តីជនជាតិរុស្ស៊ីម្នាក់ ត្រូវអ្នករត់ម៉ូតូឌុប Bolt ដាល់ប៉ុន្មានដៃលើមុខ បណ្តាលឱ្យបែកមាត់ ជាំមុខ ដោយសារតែខឹង សុំឱ្យបន្ថយល្បឿន

Photo: Chaiyot Pupattanapong

បរទេស៖ ស្ត្រីជនជាតិរុស្សីម្នាក់ ត្រូវបានអ្នករត់ម៉ូតូឌុបលើកម្មវិធី Bolt វាយធ្វើបាប បន្ទាប់ពីនាងបានប្រាប់គាត់ឱ្យបន្ថយល្បឿន ព្រោះខ្លាចមានគ្រោះថ្នាក់។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ភ្នាក់ងារអចលនៈទ្រព្យអាយុ ៤១ឆ្នាំ ត្រូវបានគេស្គាល់ថាជា Anna បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីស Muang Pattaya នៅម៉ោងប្រហែល ១ និង៤៥នាទី ព្រឹកថ្ងៃអាទិត្យ ដោយចោទប្រកាន់បុរសម្នាក់ ដែលធ្វើការអោយកម្មវិធីជិះតាក់ស៊ី Bolt ថាបានវាយដំនាង ខណៈពេលដែលនាងកំពុង ធ្វើដំណើរតាមម៉ូតូរបស់គាត់ពី Soi Kasetsin ទៅកាន់លំនៅដ្ឋានរបស់នាងក្នុងតំបន់ Khao Phra Tamnak ។ នាងរងរបួសដោយជាំមុខ និងបែកបបូរមាត់។

នៅក្នុងពាក្យបណ្តឹង អ្នកស្រី Anna បាននិយាយថា អ្នកបើកបរម៉ូតូបានជិះក្នុងល្បឿនលឿន ហើយនាងបានប្រាប់គាត់ឱ្យបន្ថយល្បឿន ព្រោះនាងខ្លាចគ្រោះថ្នាក់ ហើយនាងមិនពាក់មួកសុវត្ថិភាពថែមទៀត។ សំណើរបស់នាង បានធ្វើឱ្យបុរសនោះខឹង ហើយនាំឱ្យមានជម្លោះពាក្យសំដី ។

បន្ទាប់មក អ្នកបើកបរម៉ូតូបានបត់ទៅមុខ តូបចរាចរមួយកន្លែងក្នុងសង្កាត់ Khao Phra Tamnak ហើយបានដាល់មុខរបស់នាងប៉ុន្មានដៃ បណ្តាលឱ្យហូរឈាមពេញមាត់ ។ នាងបានស្រែកសុំជំនួយ ហើយអ្នកជិះ Bolt បានចាកចេញពីកន្លែងកើតហេតុ បន្ទាប់ពីអ្នកចិត្តល្អម្នាក់បានអន្តរាគមន៍។

អ្នកស្រី Anna ត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលិស Muang Pattaya ដោយ Surasak Burapan អាយុ ៤៥ ឆ្នាំជាអ្នកបច្ចេកទេសនៅសណ្ឋាគារ Royal Cliff Beach Hotel Pattaya។ លោក Surasak បាននិយាយថា គាត់កំពុងបើកឡានទៅផ្ទះ ហើយបានឃើញអ្នកស្រី Anna មានជម្លោះក្តៅគគុកជាមួយនឹងអ្នកជិះ Bolt។ គាត់បានឈប់រថយន្ត ហើយព្យាយាមបំបែកភាគីទាំងសងខាង ទោះបីជាគាត់មិនដឹងថាមានអ្វីកើតឡើងក៏ដោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top