បរទេស៖ ស្រ្តីទីមួយរបស់ប្រទេសប្រេស៊ីល គឺលោកស្រី Janja Lula da Silva បានហៅជាសាធារណៈទៅកាន់មហាសេដ្ឋី ដែលជាម្ចាស់របស់បណ្តាញសង្គម X គឹលោក Elon Musk ក្នុងអំឡុងពេលព្រឹត្តិការណ៍សង្គម G20 នៅប្រទេសប្រេស៊ីល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ពេលកំពុងនិយាយ ស្ត្រីទីមួយត្រូវបានរំខានដោយសំឡេងស៊ីផ្លេរបស់កប៉ាល់ ដោយជំរុញឱ្យលោកស្រី និយាយថា “វាជា Elon Musk” មុនពេលបន្ថែមថា “ខ្ញុំមិនខ្លាចអ្នកទេ f**k you, Elon Musk” ។
លោក Elon Musk បានប្រតិកម្មលើ X ជាមួយនឹងរូប emojis សើច ហើយបានបញ្ចេញមតិថា “ពួកគេនឹងចាញ់ការបោះឆ្នោតបន្ទាប់”។
ឧប្បត្តិហេតុនេះបង្ហាញពីការជជែក ដេញដោលដែលកំពុងបន្ត លើប្រធានបទព័ត៌មានមិនពិតនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានរិះគន់វេទិការបស់លោក Musk ចំពោះគោលនយោបាយរបស់ខ្លួនលើបញ្ហានេះដោយនិយាយថា “យើងមិនអាចអនុញ្ញាតឱ្យវេទិកាណាមួយធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិរបស់ប្រជាពលរដ្ឋរបស់យើងបានទេ” ។
ការលើកឡើងរបស់ភរិយា របស់លោក គឺបានបង្កឱ្យមានប្រតិកម្មតបវិញពីឥស្សរជនប្រឆាំងប្រេស៊ីល រួមទាំងអតីតប្រធានាធិបតី Jair Bolsonaro ដែលបានព្រមានថា ការអត្ថាធិប្បាយរបស់លោកស្រី អាចនាំឱ្យមានបញ្ហាការទូតសម្រាប់រដ្ឋបាលបច្ចុប្បន្ន។
សូមជម្រាបថា កាលពីខែតុលា ចៅក្រមតុលាការកំពូលប្រេស៊ីល លោក Alexandre de Moraes បានអនុញ្ញាតឱ្យមានដំណើរការប្រព័ន្ធផ្សព្វផ្សាយសង្គម X ឡើងវិញនៅក្នុងប្រទេសនេះ ច្រើនជាងមួយខែបន្ទាប់ពីការបិទរបស់ខ្លួន។ សេវាកម្មនេះត្រូវបានរារាំងនៅថ្ងៃទី ៣០ ខែសីហា ដោយសារជម្លោះជុំវិញការនិយាយដោយសេរី គណនីស្តាំជ្រុល និងព័ត៌មានមិនពិត៕
ប្រែសម្រួលៈ ណៃ តុលា