កិច្ចប្រជុំ G20 លើកទី១៩ ជាកិច្ចប្រជុំកំពូល នៃប្រទេស ដែលមានសេដ្ឋកិច្ចនាំមុខគេ បានប្រារព្វឡើងនៅប្រទេសប្រេស៊ីល ដែលមានការគាំទ្រ យ៉ាងខ្លាំង លើកិច្ចសហប្រតិបត្តិការពហុភាគី និយមក្នុងការបើកចំហ សេដ្ឋកិច្ចសាកល ដោយបណ្តា ប្រទេស ក្នុងសាកលលោកភាគខាងត្បូង ។ កិច្ចប្រជុំ G20 នេះ ជាកិច្ចប្រជុំដែលបានធ្វើឡើងក្នុងការតាមដាន ពិនិត្យ និង ដាក់ចេញនូវយន្តការសម្របសម្រួល សេដ្ឋកិច្ចរបស់សាកលលោក និង ដើម្បីបង្កើនល្បឿននៃ សេដ្ឋកិច្ច សាកលលោក។ ក្នុងកិច្ចប្រជុំនេះ អ្នកជំនាញល្បីៗ នៃបណ្តាប្រទេស ដែលមានសេដ្ឋកិច្ច នាំមុខគេទាំង២០ ត្រូវបានអញ្ជើញ ឱ្យចូលរួម ពិភាក្សាយ៉ាង ល្អិតល្អន់ ដើម្បីរកឱ្យឃើញនូវបញ្ហា និង យន្តការ សម្រាប់សម្របសម្រួលខឿន សេដ្ឋកិច្ចសាកល ទាំងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ស្ថិរភាពនិង ប្រសិទ្ធភាពនៃប្រព័ន្ធរូបិយវត្ថុអន្តរជាតិ សមាហរណកម្មពាណិជ្ជកម្មអន្តរជាតិ ការលុបបំបាត់នូវប្រព័ន្ធ គាំពារនិយម សមាហរណកម្មវិនិយោគអន្តរជាតិ ការអភិវឌ្ឍសាកល និង ចំណងទាក់ទងដ៏ស្មុគ ស្មាញនៃមហាអំណាច។
ប្រទេសចិន ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតមួយ និង ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេ ព្រមទាំងជាប្រទេសដែលមានទំហំ សេដ្ឋកិច្ចធំជាងគេទី២លើសាកលលោក និង ជាប្រទេសនាំចេញទំនិញធំបំផុត នៅលើសាកលលោក ហើយក៏ជាទីតាំងមួយ សម្រាប់ការវិនិយោគ ផ្ទាល់ពីបរទេស មានតួនាទីយ៉ាងសំខាន់ក្នុង យន្តការ នៃកិច្ចប្រជុំ G20 នេះលើគ្រប់វិស័យ ។ ប្រទេសចិនបានដើរតួនាទីដ៏សំខាន់មួយ ដែលប្រទេសកំពុងអភិវឌ្ឍន៍ ទាំងអស់អាច ចាត់ទុកជាខ្នងបង្អែកដ៏រឹងមាំ សម្រាប់ការពារផលប្រយោជន៍រួម នៃប្រទេសកំពុងអភិវឌ្ឍន៍។ លើសពីនេះទៀត ចិនមានតួនាទីសំខាន់មួយទៀតដែរក្នុងនាមជាភាគីកណ្តាល សម្រាប់តំណភ្ជាប់ ជាមួយប្រទេសរីកចម្រើន ក្នុងការកសាង និង កែលម្អនៃកិច្ចសហប្រតិបត្តិការបើកចំហសេដ្ឋកិច្ចប្រកបដោយបរិយាកាសល្អ និង មានសមធម៌។ តួនាទីមួយនេះ ក៏មានសារសំខាន់ដែរ ក្នុងការភ្ជាប់ទំនាក់ទំនង នៃខ្សែច្រវាក់ផលិតកម្ម និង ខ្សែច្រវាក់តម្លៃសាកលនៅលើ សាកលលោកទាំងប្រទេសកំពុង អភិវឌ្ឍន៍ និង ប្រទេសរីកចម្រើននានា។
នៅក្នុងកិច្ចប្រជុំលើកទី១៩ នេះ បណ្តាប្រទេសទាំងអស់ បានយល់អំពីមធ្យោបាយ វិធានការ និងយន្តការ នៃការវិវត្តនិងការរីកចម្រើន នៃសេដ្ឋកិច្ចសាកលលោក ក្នុងការធានា ឱ្យបាននូវនិរន្តរភាព នៃភាពរីកចម្រើន របស់សេដ្ឋកិច្ចសាកល ដែលអាចប្រឈមនឹង ការរារាំងមួយចំនួនដែលអាចកើតមានឡើង ដោយរដ្ឋាភិបាលរបស់ លោកប្រធានាធិបតី សហរដ្ឋអាមេរិកថ្មី ដូណាល់ ត្រាំ ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង ការគាំពារនិយម តាមរយៈការដាក់នូវ របាំងពន្ធគយខ្ពស់ជាងមុន ការយកពន្ធមិនស្មើភាពគ្នា ការដាក់របាំងនយោបាយ ដែលរារាំងទៅដល់ ការធ្វើពាណិជ្ជកម្មអន្តរជាតិ នឹងធ្វើឱ្យ មានផលប៉ះពាល់ ដល់សណ្តាប់ធ្នាប់ពិភពលោក និង ផ្ទុយពីគោលការណ៍ សមាហរណកម្ម សេដ្ឋកិច្ចសាកល និង ខ្សែច្រវាក់តម្លៃសាកល របស់អង្គការពាណិជ្ជពិភពលោក។
ដោយមើលឃើញនូវហានិភ័យនេះ តួនាទីរបស់ចិន ក្នុងយន្តការសេដ្ឋកិច្ចសាកលក្នុងបរិបទថ្មីនេះ ជាតួនាទីមួយដែលមិន អាចខ្វះបាន គឺពហុភាគីនិយម ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ស៊ី ជិនភីង ត្រូវបានលើកយកមកពិភាក្សា និង ទទួលបានការគាំទ្រទាំងស្រុង ដោយបណ្តាប្រទេសខាងត្បូងនៃសាកល។ ប្រទេសចិនជាប្រទេសដ៏ខ្លាំងបំផុតមួយ ក្នុងការគាំទ្រដល់ការធ្វើ ពាណិជ្ជកម្ម អន្តរជាតិសេរី អនុលោមតាមគោល ការណ៍ពាណិជ្ជកម្ម សេរីរបស់អង្គការពាណិជ្ជកម្ម ពិភពលោក។
ប្រទេសទាំងអស់កំពុងតែស្ថិត នៅលើទូកនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយគ្នា ប្រសិនបើការរារាំងណា មួយបានដាក់មក លើបណ្តាប្រទេស ណាមួយ ជាពិសេសប្រទេសចិន វានឹងធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ លើអភិបាល កិច្ចសេដ្ឋកិច្ចសាកល និង ឈានដល់ការបែកបាក់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង មិនអាចឈានដល់ពិភពលោកមួយ សហគមន៍ជោគវាសនារួមមួយបាននោះទេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ពិភពលោកទាំងមូលបានរងគ្រោះ ខ្ទេចខ្ទាំដោយសារវិបត្តិ នៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ការធ្លាក់នូវការចំណាយប្រើប្រាស់ លើសាកលលោក ការថមថយកម្លាំងត្រូវការលើទីផ្សារ ការដួលរលំនូវ វិស័យអចលនទ្រព្យ និង កើនបំណុលឯកជន វាគ្រប់គ្រាន់ សម្រាប់សេដ្ឋកិច្ចសាកលរួចទៅហើយ ប្រសិនបើពិភពលោកខ្វះ នូវការរួបរួមគ្នា កិច្ចសហប្រតិបត្តិការ និង ដាក់របាំងពាណិជ្ជកម្មលើគ្នា ទៅវិញទៅមក វានឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ជួបវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ដូច្នេះ ដើម្បីរួមចំណែកក្នុងការស្រោចស្រង់សេដ្ឋកិច្ចសាកលឡើងវិញ តួនាទីរបស់ចិនក្នុងតំបន់ G20 ក៏ដូចជាសាកលលោក មិនអាចខ្វះបានទេ ហើយកិច្ចសហប្រតិបត្តិការសាកលក៏រឹតតែមិនអាចខ្វះបាន ជាពិសេសគោលគំនិតពហុភាគីនិយម គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គួរតែត្រូវបានយកចិត្តទុកដាក់ ថែរក្សា និង ជំរុញឱ្យមានការរីកចម្រើន ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ និង ការរីកមច្រើននៃសេដ្ឋកិច្ចសាកលោក។
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា