បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកមានបំណងប្រកាស អាសន្នជាតិ និងប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក Trump បានប្តេជ្ញាថា នឹងចាប់ផ្តើម “កម្មវិធីនិរទេសដ៏ធំបំផុត” នៃឧក្រិដ្ឋជនក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយបានលើកឡើងម្តងហើយម្តងទៀតនូវលទ្ធភាពនៃការចូលរួមជាមួយកងទ័ព ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ លោក Trump បានចែករំលែកការបង្ហោះរបស់សកម្មជនអភិរក្សនិយម Tom Fitton នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth។ Fitton ដែលជាប្រធានអង្គការ Judicial Watch ដែលជាក្រុមផលប្រយោជន៍ សាធារណៈដែលឧទ្ទិសដល់ការស៊ើបអង្កេតអំពើពុករលួយរបស់រដ្ឋាភិបាល បានសរសេរថា រដ្ឋបាលរបស់លោក Trump នឹង “ប្រកាសអាសន្នជាតិ ហើយនឹងប្រើប្រាស់ទ្រព្យសម្បត្តិយោធា” ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ “តាមរយៈកម្មវិធីនិរទេសដ៏ធំមួយ” ។
ការបង្ហោះសារឡើងវិញ នូវមតិយោបល់របស់ Fitton ត្រូវបានលោក Trump បានសរសេរថា “ពិត!!!”។
នៅក្រោមច្បាប់ពីឆ្នាំ 1976 ប្រធានាធិបតីសហរដ្ឋអាមេរិក អាចប្រកាសភាពអាសន្នជាតិតាមការសំរេចចិត្តរបស់ពួកគេ និងប្តូរទិសមូលនិធិ ដែលកំណត់ដោយសមាជិកសភា សម្រាប់គោលបំណងផ្សេងទៀត ។
ផែនការរបស់លោក Trump ទាក់ទងនឹងការធ្វើចំណាកស្រុកខុសច្បាប់ រួមមានការបង្កើនការនិរទេស ការស្តារ “ការហាមឃាត់ការធ្វើដំណើរ” ឡើងវិញសម្រាប់ប្រទេសមួយចំនួន និងការបិទព្រំដែនសម្រាប់អ្នកស្វែង រកសិទ្ធិជ្រកកោន ។ លោកក៏បានប្តេជ្ញាបញ្ចប់ភាពជាពលរដ្ឋពីកំណើតសម្រាប់ទារក ដែលកើតនៅលើដីក្នុងស្រុកដល់ឪពុកម្តាយចំណាកស្រុកដែលគ្មានឯកសារ ផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា