ព័ត៌មានអន្តរជាតិ

បំពង់បង្ហូរហ្គាសខ្នាតធំ របស់រុស្សី ទៅកាន់ប្រទេសចិន បញ្ចប់ការសាងសង់ រួចរាល់ហើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតCCTV បានរាយការណ៍នៅ សប្តាហ៍នេះ អំពីគម្រោង PipeChina ថាការសាងសង់បំពង់បង្ហូរ ឧស្ម័នហ្គាស East Route ដើម្បីផ្គត់ផ្គង់ឧស្ម័នធម្មជាតិ របស់រុស្ស៊ី ពីស៊ីបេរីទៅកាន់ភាគខាងកើត ប្រទេសចិន ត្រូវបានបញ្ចប់រួចរាល់ហើយ។

បំពង់បង្ហូរប្រេងឆ្លងកាត់ព្រំដែន ប្រវែងដល់ទៅ៥,១១១គីឡូម៉ែត្រ ឥឡូវនេះកំពុងឈានចូល ដល់ដំណាក់កាលចុងក្រោយ បង្អស់របស់ខ្លួន ហើយនឹងដំណើរការពេញលេញ ក្នុងពេលឆាប់ៗនេះខណៈដែល ផ្នែក​ខាង​ត្បូង​បំផុត​ដែល​តភ្ជាប់​ខេត្ត ​ជាប់​មាត់​សមុទ្រ Jiangsu ជាមួយ​ទីក្រុង​សៀងហៃ​បាន​បញ្ចប់។

គួរឲ្យដឹងដែរថាបំពង់បង្ហូរហ្គាសនេះ អាចឆ្លងចូលប្រទេសចិនតាមរយៈទីក្រុងព្រំដែន Heihe ក្នុងខេត្ត Heilongjiang ភាគឦសាន ហើយរត់កាត់តាមខេត្តចំនួនប្រាំបួន ដោយផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់តំបន់តាមបណ្តោយផ្លូវនោះ រួមមានទីក្រុងប៉េកាំង សៀងហៃ និងធានជីនផងដែរ។

ទូរទស្សន៍ CCTV បានរាយការណ៍ថា នៅពេលដែលដំណើរការពេញលេញ បំពង់បង្ហូរប្រេងនឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំនួន ៣៨ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ដែលគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការឧស្ម័នប្រចាំឆ្នាំរបស់ពលរដ្ឋ១៣០ លានគ្រួសារនៅទីក្រុង។

East Route ត្រូវបានដាក់ ឱ្យដំណើរការដោយផ្នែកនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ដែលបានក្លាយជាបំពង់បង្ហូរ ឧស្ម័នដំបូងគេសម្រាប់ផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសចិន៕

ប្រែសម្រួល៖ស៊ុនលី

To Top