ព័ត៌មានអន្តរជាតិ

អាមេរិក វេតូសេចក្ដីសម្រេច របស់ក្រុមប្រឹក្សាសន្ដិសុខ ដែលអំពាវនាវ ឲ្យមានបទឈប់បាញ់ ជាបន្ទាន់នៅតំបន់ហ្គាហ្សា

Xinhua

យូអិន ៖ សហរដ្ឋអាមេរិក បានធ្វើការវេតូលើសេចក្តីព្រាងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ដោយបានទាក់ទាញការ រិះគន់យ៉ាងខ្លាំងពីសមាជិកភាគច្រើន នៃអង្គការសហប្រជាជាតិ ។

សេចក្តីព្រាងដែលដាក់ចេញដោយសមាជិក មិនអចិន្ត្រៃយ៍ចំនួន ១០ របស់ក្រុមប្រឹក្សា បានទាមទារបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍ ក៏ដូចជាការដោះលែង ចំណាប់ខ្មាំងទាំងអស់ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

ក្រុមប្រឹក្សាដែលមានសមាជិក ១៥ នាក់បានបោះឆ្នោតគាំទ្រ ១៤ លើ១ លើដំណោះស្រាយ ហើយសហរដ្ឋអាមេរិក បានប្រើវេតូរបស់ខ្លួនជាសមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍ ដើម្បីរារាំងវា។

ថ្លែងបន្ទាប់ពីការបោះឆ្នោត លោក Robert Wood អនុឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនគ្រាន់តែគាំទ្រដំណោះស្រាយ ដែលអំពាវនាវឱ្យមានការដោះលែង ចំណាប់ខ្មាំងជាបន្ទាន់ ដែលជាផ្នែកនៃបទឈប់បាញ់។

លោក​បាន​ថ្លែង​ថា “ដំណោះស្រាយ​នឹង​បាន​ផ្ញើ​សារ ​ដ៏​គ្រោះថ្នាក់​មួយ​ទៅ​កាន់​ក្រុម​ហាម៉ាស់ថា​មិន​ចាំបាច់​ត្រឡប់​មក​តុ​ចរចា​វិញ​នោះទេ​”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top