រ៉ូម៖ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅក្នុងប្រព័ន្ធថែទាំសុខភាពសាធារណៈរបស់ប្រទេសអ៊ីតាលី បានធ្វើកូដកម្មរយៈពេល ២៤ ម៉ោងកាលពីថ្ងៃពុធ ដោយអំពាវនាវឱ្យមានប្រាក់ឈ្នួលកាន់តែប្រសើរ និងបង្កើនការវិនិយោគនៅក្នុងប្រព័ន្ធសុខភាពជាតិ (NHS) ។
កូដកម្មដែលបានឃើញមានការចូលរួមពីបុគ្គលិកពេទ្យរហូតដល់ ៨៥ភាគរយនៅក្នុងមន្ទីរពេទ្យសាធារណៈទូទាំងប្រទេស បានបន្សល់ទុកតែសេវាសង្គ្រោះបន្ទាន់ប៉ុណ្ណោះ ដែលដំណើរការ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Ansa ដែលដកស្រង់ចេញពីសហជីពវេជ្ជសាស្ត្រធំៗចំនួនបី។
មេដឹកនាំសហជីពបានពណ៌នាចំនួនអ្នកទៅចូលរួមច្រើនថាជា “សញ្ញាសំខាន់” ដែលគូសបញ្ជាក់ពី “លក្ខខណ្ឌការងារដែលមិនអាចទទួលយកបាននៅក្នុងមន្ទីរពេទ្យអ៊ីតាលី” ។ ពួកគេបានជំរុញឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទាំងនេះនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។
សហជីពទាំងបី ដែលពាក់ព័ន្ធគឺ Anaao-Assomed, Cimo-Fesmed Federation និង Nursing Up បានគូសបញ្ជាក់ពីការទាមទារសំខាន់ៗមួយចំនួន។ ទាំងនេះរួមបញ្ចូលការបង្កើនមូលនិធិសាធារណៈសម្រាប់ NHS និងវិធានការតឹងរ៉ឹង ដើម្បីការពារបុគ្គលិកថែទាំសុខភាព បន្ទាប់ពីការកើនឡើងនៃការរំលោភដោយសាច់ញាតិ និងមិត្តភក្តិរបស់អ្នកជំងឺ។
សហជីពក៏បានរួមគ្នាអំពាវនាវឱ្យនាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni រៀបចំកិច្ចប្រជុំបន្ទាន់មួយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងច្បាប់ថវិកាចុងក្រោយដែលបានអនុម័តក្នុងខែតុលា គណៈរដ្ឋមន្ត្រីអ៊ីតាលីបានបែងចែកប្រាក់ចំនួន ៦,៤ពាន់លានអឺរ៉ូ (ប្រហែល ៦,៧ពាន់លានដុល្លារអាមេរិក) ដល់ NHS សម្រាប់ឆ្នាំ២០២៤ និង ២០២៥ ដោយនាំមកនូវមូលនិធិសុខភាពជាតិរបស់ប្រទេសរហូតដល់ ១៣៤ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៤ និងដល់ ១៣៦,៤៨ពាន់លានអឺរ៉ូនៅឆ្នាំ២០២៥៕
ប្រែសម្រួល ឈូក បូរ៉ា