ព័ត៌មានអន្តរជាតិ

ផ្ទុះភ្នំភ្លើងមួយនៅឧបទ្វីប Reykjanes របស់ប្រទេសអ៊ីស្លង់ បង្ខំឲ្យជម្លៀសពលរដ្ឋចេញ

China daily

HELSINKI ៖ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃពុធ មានផ្ទុះភ្នំភ្លើងមួយនៅលើឧបទ្វីប Reykjanes របស់ប្រទេសអ៊ីស្លង់ បង្ខំឱ្យមានការជម្លៀសពលរដ្ឋចេញ ។

វិទ្យុ Icelandic RUV បានរាយការណ៍ឲ្យដឹងថា ក្រុង Grindavik និងរមណីយដ្ឋាន Blue Lagoon ត្រូវបានជម្លៀសចេញទាំងស្រុង ដោយសារតែការផ្ទុះនៅជួរភ្នំភ្លើង Sundhnuks ។

លោក Benedikt Ofeigsson ប្រធានផ្នែកខូចទ្រង់ទ្រាយបម្រើការនៅការិយាល័យឧតុនិយមអ៊ីស្លង់ បានលើកឡើងថា ការផ្ទុះនេះហាក់បីដូចជាតូចជាងការផ្ទុះកាលពីខែសីហា ។ វាគឺជាការផ្ទុះភ្នំភ្លើងលើកទី៧ហើយនៅលើឧបទ្វីបនៅក្នុងឆ្នាំនេះ ។

យោងតាមវិទ្យុ RUV បានផ្សាយថា អាកាសយានដ្ឋាន Keflavik មិនរងផលប៉ះពាល់អ្វីនោះទេ ហើយជើងហោះហើរនៅតែបន្តតាមកាលវិភាគនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដដែល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top