ដាម៉ាស់៖ យោងតាមក្រសួងការពារជាតិស៊ីរីបានឲ្យដឹងថា កាលពីថ្ងៃពុធ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៦នាក់បានស្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួស ដោយសារការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីស្រាអ៊ែល ដែលបានវាយប្រហារមកលើទីតាំងនានានៅក្នុង និងជុំវិញទីក្រុង Palmyra ស្ថិតនៅភាគកណ្តាលនៃប្រទេសស៊ីរី ។
“នៅម៉ោង១និង៣០នាទីរសៀលនេះ សត្រូវគឺអ៊ីស្រាអ៊ែល បានធ្វើការឈ្លានពានតាមអាកាសពីទិសដៅនៃតំបន់ al-Tanf សំដៅទៅលើអគារមួយចំនួននៅក្រុង Palmyra នៅវាលខ្សាច់របស់ស៊ីរី ដែលធ្វើឲ្យមនុស្សចំនួន ៣៦នាក់ស្លាប់ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និងមានអ្នករងរបួសជាង៥០នាក់ និងបណ្តាលឱ្យខូចខាតសម្ភារៈសំខាន់ៗ ដល់អគារគោលដៅ និងតំបន់ជុំវិញនោះ” ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍មុននេះថា អ្នកស្លាប់រួមមានយុទ្ធជនមិនមែនស៊ីរីចំនួន៤នាក់ ដែលស្មោះត្រង់នឹងអ៊ីរ៉ង់ និងជនជាតិស៊ីរីចំនួន៧នាក់ ។ ការវាយប្រហារនេះក៏បានធ្វើឱ្យ មនុស្សរាប់សិបនាក់រងរបួសផងដែរ រួមទាំងជនស៊ីវិលយ៉ាងហោចណាស់៧នាក់ ដែលម្នាក់ក្នុងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ក្រុមសង្កេតការណ៍បានឲ្យដឹងថា យន្តហោះអ៊ីស្រាអ៊ែល បានកំណត់គោលដៅ៣កន្លែង ដាច់ដោយឡែកពីគ្នានៅក្រុង Palmyra រួមទាំងទីតាំង២នៅក្នុងសង្កាត់ al-Jami’ah ។ គោលដៅមួយក្នុងចំណោមគោលដៅទាំងនោះ គឺឃ្លាំងអាវុធនៅជិតតំបន់ឧស្សាហកម្ម ដែលត្រូវបានរស់នៅដោយក្រុមគ្រួសារ នៃយុទ្ធជនអ៊ីរ៉ាក់គាំទ្រដោយអ៊ីរ៉ង់ និងសញ្ជាតិបរទេសផ្សេងទៀត។ ទីតាំងទី៣ នៅក្បែរនោះក៏ត្រូវបានវាយប្រហារផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា