ព័ត៌មានអន្តរជាតិ

លោក Putin៖ មីស៊ីលរបស់លោកខាងលិច ពិតជាកំពុងត្រូវបានប្រើប្រាស់ ដោយអ៊ុយក្រែនដើម្បីប្រឆាំងរុស្ស៊ី

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រធានាធិបតី Vladimir Putin បាននិយាយនៅក្នុងសុន្ទរកថា ជាសាធារណៈមួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងគៀវ បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹង ទីតាំងយោធាដែលមានទីតាំង នៅក្នុងទឹកដីរុស្ស៊ីដែលទទួលស្គាល់ជាអន្តរជាតិពិតមែន។

លោកបាននិយាយថា យោធាអ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadows ផលិតដោយអង់គ្លេស និងមីស៊ីល HIMARS ផលិតដោយសហរដ្ឋអាមេរិក ទៅកាន់គោលដៅដែលមានទីតាំងនៅ Bryansk និងតំបន់ Kursk របស់រុស្ស៊ី។

លោក​បាន​ព្រមាន​ថា ការប្រើប្រាស់​ប្រព័ន្ធ​ផលិត​ដោយ​លោកខាងលិច​ បែបនេះ​នៅក្នុង​ជម្លោះ​អ៊ុយក្រែន​ បាន​ផ្លាស់ប្តូរ​ធម្មជាតិ​របស់វា​យ៉ាងខ្លាំងហើយមេដឹកនាំរុស្សីរូបនេះ បាននិយាយទៀតថាជម្លោះអ៊ុយក្រែន ក្នុងតំបន់ដែលបង្កឡើងដោយលោកខាងលិច បានក្លាយទៅជាជម្លោះរបស់ពិភពលោកទៅហើយ ។

លោកប្រធានាធិបតីបានក៏បានពន្យល់ដែរថា ប្រព័ន្ធមីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ រយៈចម្ងាយឆ្ងាយទាំងនេះមិនអាចប្រើប្រាស់ ដោយគ្មានការចូលរួមដោយផ្ទាល់ ពីអ្នកឯកទេសយោធាលោកខាងលិចនោះទេ។

គួរឲ្យដឹងដែរថាការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden ដែលត្រៀមចាកចេញពីតំណែងនោះ តាមសេចក្តីរាយការណ៍ថា បានអនុញ្ញាតឱ្យទីក្រុងកៀវប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិកដើម្បីវាយប្រហារ លើទឹកដីដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេសរុស្ស៊ី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top