ព័ត៌មានអន្តរជាតិ

អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសគ្រឿងញៀន បានច្រើនពីតំបន់ទីក្រុង Mandalay និងខេត្ត Sagaing

Xinhua

រ៉ងហ្គោន៖ គណៈកម្មាធិការកណ្តាលសម្រាប់ ការគ្រប់គ្រងការប្រើប្រាស់គ្រឿងញៀន ហៅកាត់ (CCDAC) បានរាយការណ៍ឲ្យដឹង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រឿងញៀន បានយ៉ាងច្រើននៅក្នុងតំបន់នៃទីក្រុង Mandalay និងខេត្ត Sagaing ។

នៅក្នុងរបាយការណ៍បានបន្តឲ្យដឹងថា គ្រឿងញៀនដែលរឹបអូសបានរួមមាន សារធាតុហេរ៉ូអ៊ីនជាង ១៥០គីឡូក្រាម គ្រាប់ថ្នាំរំញោចអារម្មណ៍ជាង៥លានគ្រាប់ រឺហៅថា ICE (សារធាតុមេតំហ្វេតាមីន) ចំនួន៤១២គីឡូក្រាម និងសារជាតិកាហ្វេអ៊ីន ចំនួន៣តោន ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា អាជ្ញាធរបានរឹបអូសថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនចំនួន ៥១,០៣គីឡូក្រាម សារជាតិកាហ្វេអ៊ីនចំនួន៣តោន សារធាតុរំញោចអារម្មណ៍បានចំនួន ៥,៥១លានគ្រាប់ និងសារធាតុ ICE ចំនួន៤១២គីឡូក្រាម នៅទីប្រជុំជន Kale នៃខេត្ត Sagaing ។

អាជ្ញាធរ CCDAC បានឲ្យដឹងថា នៅថ្ងៃទី៦ ខែវិច្ឆិកា សារធាតុហេរ៉ូអ៊ីនចំនួន១៣,២គីឡូក្រាមផ្សេងទៀត ត្រូវបានរឹបអូសនៅទីប្រជុំជន Kale និងចំនួន៨៩,៨គីឡូក្រាម ត្រូវបានរឹបអូសនៅក្នុងសង្កាត់ Chanmyathazi នៃក្រុង Mandalay ។

យោងតាមការស៊ើបអង្កេត គ្រឿងញៀនដែលរឹបអូសបាននាំមកពីរដ្ឋ Shan ហើយអ្នកជួញដូរគ្រឿងញៀនចំនួន ២១នាក់ពាក់ព័ន្ធនឹង ករណីនេះត្រូវបានចាប់ខ្លួនផងដែរ ។

ជនសង្ស័យទាំងនោះត្រូវបានចោទប្រកាន់ ស្ថិតក្រោមច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា ហើយការស៊ើបអង្កេតបន្ថែមទៀតកំពុងតែបន្តនិតិវិធី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top