ព័ត៌មានអន្តរជាតិ

ប្រទេសចិន អំពាវនាវឱ្យមាន “ការអត់ធ្មត់” រវាងលោកខាងលិចនិងរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបាញ់មីស៊ីល ផ្លោងឆ្លងទ្វីបដាក់អ៊ុយក្រែន

RT News

បរទេស ៖ ប្រទេសចិនបានអំពាវនាវឱ្យភាគីទាំងអស់នៃជម្លោះអ៊ុយក្រែន អនុវត្តការអត់ធ្មត់ និងធ្វើការឆ្ពោះទៅរកបទឈប់បាញ់ និងរកដំណោះស្រាយនយោបាយចំពោះវិបត្តិ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យោធាបានប្រើប្រាស់ប្រព័ន្ធមីស៊ីល គ្មាននុយក្លេអ៊ែរថ្មី Oreshnik ប្រឆាំងនឹងរោងចក្រយោធា ក្នុងប្រទេសអ៊ុយក្រែន ដើម្បីជាការឆ្លើយតបនឹង ការប្រើប្រាស់អាវុធចម្ងាយឆ្ងាយ របស់ទីក្រុងគៀវ សម្រាប់ការវាយប្រហារលើទឹកដីរុស្ស៊ី ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឆ្លើយតបកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា “គ្រប់ភាគីទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់ ធ្វើការដើម្បីបន្ថយភាពតានតឹង តាមរយៈការសន្ទនា និងការពិគ្រោះយោបល់”។

លោកក៏បានអំពាវនាវឱ្យភាគីទាំងអស់ នៃជម្លោះបង្កើតលក្ខខណ្ឌសម្រាប់ “បទឈប់បាញ់ដំបូង និងការដោះស្រាយវិបត្តិនយោបាយ” ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទីក្រុងប៉េកាំងរក្សាជំហររបស់ខ្លួនលើបញ្ហានេះ ដោយតស៊ូមតិសម្រាប់ដំណោះស្រាយចំពោះអរិភាពតាមរយៈមធ្យោបាយនយោបាយ និងទប់ស្កាត់ការកើនឡើងបន្ថែមទៀត។

ក្នុងអំឡុងពេលសុន្ទរកថា របស់លោកប្រកាសអំពីការវាយប្រហារ របស់មីស៊ីល Oreshnik លោក ពូទីន បានពន្យល់ថា ទង្វើនេះបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងទីក្រុងគៀវ ដែលបានបាញ់មីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក និង Storm Shadow ដែលផលិតដោយអង់គ្លេស ចូលទៅក្នុងទឹកដីរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយបានទទួលការអនុញ្ញាតពីអ្នកគាំទ្រលោកខាងលិចដើម្បីធ្វើដូច្នេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top