វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងគ្រាន់តែរង់ចាំ “ការសម្រេចចិត្តនយោបាយ” តែប៉ុណ្នោះ សម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួន ដែលជាពេលវេលា ដែលពិភពលោកកំពុងឃ្លាំមើលយ៉ាងដិតដល់ ចំពោះការផ្លាស់ប្តូរទិសដៅគោលនយោបាយរបស់ទីក្រុងព្យុងយ៉ាង ទាក់ទងនឹងការវិលត្រឡប់មកវិញនាពេលខាងមុខរបស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមាន។
លោកស្រី អាឡិចសាន់ត្រា ប៊ែល ឧបការីរងរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនុយក្លេអ៊ែរ បានឲ្យដឹងថា “សហរដ្ឋអាមេរិក វាយតម្លៃថា (កូរ៉េខាងជើង បានរៀបចំកន្លែងសាកល្បង Punggye-ri របស់ខ្លួនសម្រាប់ការសាកល្បងនុយក្លេអ៊ែរ ដែលជាការសាកល្បងលើកទី៧” ។
នៅក្នុងសន្និសិទនៅទីក្រុងវ៉ាស៊ីនតោន ដែលរៀបចំដោយសង្គមកូរ៉េ លោកស្រីបានឲ្យដឹងថា “ការសាកល្បងបែបនេះនឹងបង្កើតឱ្យមានការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ និងបង្ហាញពីហានិភ័យសន្តិសុខដល់ពិភពលោកទាំងមូល” ដោយបានព្រមានផងដែរថា សកម្មភាពរបស់ទីក្រុងព្យុងយ៉ាង រហូតមកដល់បច្ចុប្បន្នបានបង្ហាញថា ខ្លួនប្តេជ្ញាជំរុញកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
កាលពីចុងខែតុលា ទីភ្នាក់ងារស៊ើបការណ៍យោធារបស់កូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបញ្ចប់ការត្រៀមលក្ខណៈ សម្រាប់ការសាកល្បងនុយក្លេអ៊ែរនៅឯទីតាំងសំខាន់ ដែលមានទីតាំងនៅភាគឦសាននៃប្រទេស សម្រាប់ការសាកល្បងដែលអាចធ្វើទៅបានមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
ក្នុងរយៈពេលប៉ុន្មានថ្ងៃឈានទៅដល់ការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ។ មីស៊ីល ICBM ដែលកូរ៉េខាងជើងហៅថា Hwasong-19 ថ្មីរបស់ខ្លួន បានហោះហើរប្រហែល ៨៥ នាទី ដែលជារយៈពេលវែងបំផុតដែលបានចុះបញ្ជីនៅក្នុងការសាកល្បងណាមួយដោយទីក្រុងព្យុងយ៉ាង៕
ប្រែសម្រួល ឈូក បូរ៉ា