ព័ត៌មានអន្តរជាតិ

ទំនាក់ទំនង ពាណិជ្ជកម្ម ចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់ នៃសេដ្ឋកិច្ចចិន ក្នុងអាណត្តិ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

អាមេរិក និងចិនគឺជាប្រទេសមហាអំណាច សេដ្ឋកិច្ចធំជាងគេ ក្នុងពិភពលោក ដែលមានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ និងស្មុគ្រស្មាញបំផុត ។ យ៉ាងណាមិញ ការងើបឡើង យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចចិន បានធ្វើឱ្យអាមេរិកប្រកាន់ យកនូវទស្សនៈថា ចិនគឺជាដៃគូ ប្រកួតប្រជែងយុទ្ធសាស្ត្រ ដែលគំរាមកំហែង ដល់អនុរត្តភាពសកលរបស់ខ្លួន ហើយជានិច្ចកាលដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការ រីកចម្រើនរបស់ចិន លើគ្រប់វិស័យរួមទាំង វិស័យពាណិជ្ជកម្ម។ ក្នុងអាណត្តិ របស់ប្រធានាធិបតី ដូណាល់ ត្រាំ (២០១៧-២០២១) ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក បានឈានដល់ដំណាក់ កាលតានតឹង បំផុតក្នុងប្រវត្តិសាស្ត្រ រហូតវិវត្តន៍ទៅ ជាសង្រ្គាមពាណិជ្ជកម្ម ដែលបានផ្តល់ផលប៉ះ ពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

ការឈ្នះឆ្នោត ជាលើកទី២ របស់ប្រធានាធិបតីត្រាំ កាលពីពេលថ្មីៗនេះ បាននាំមក នូវការព្រួយបារម្មណ៍ អំពីលទ្ធភាព ដែលអាមេរិកនឹង បន្តគោលនយោបាយគាំពារនិយម ដែលផ្តោត លើប្រយោជន៍អាមេរិកជាធំ និងដាក់ចេញនូវសកម្មភាព ឯកតោភាគីប្រឆាំង ចិន ដូចកាលពីឆ្នាំកន្លងទៅ ។ អ្វីដែលអាចទៅរួចនោះគឺថា លោកត្រាំបានប្រកាសក្នុង យុទ្ធនាការមុន ពេលបោះឆ្នោតថា “នឹងបង្កើនពន្ធគយ បន្ថែមប្រមាណ ៦០% ឬច្រើនជាងនេះ លើទំនិញដែលនាំចូលពីចិន” ដែលការណ៍នេះនឹង នាំមកនូវបញ្ហាប្រឈម និងភាពតានតឹងដល់ទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងសេណារីយ៉ូដ៏ អាក្រក់បំផុត សង្រ្គាមពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នឹងអាចកើតឡើងសាជាថ្មី ហើយនឹងនាំមកនូវផល រំខានឥតគណនាដល់សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោក ដែលកំពុងតែប្រឈមនឹងកំណើនយឺត អតិផរណាខ្ពស់ និងការកើនឡើងនៃអត្រានិកម្មភាព ។

ក្នុងបរិបទនៃភាពមិនច្បាស់លាស់ ក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិក រដ្ឋាភិបាលចិនបានបង្កើន កិច្ចប្រឹងប្រែងកែទម្រង់ និងលើកកម្ពស់សេដ្ឋកិច្ចប្រកបដោយភាពធន់ រឹងមាំ និងបរិយាប័ន្ន ដើម្បីកាត់បន្ថយហានិភ័យនានា ដែលបណ្តាលមកពី បរិយាកាសខាងក្រៅ និងការកើនឡើង នៃគោល នយោបាយគាំពារនិយម ។ តួយ៉ាង ចិនបានដាក់ចេញនូវ យុទ្ធសាស្ត្រ “សេដ្ឋកិច្ចចរន្តទ្វេរ” ដែលផ្តោតសំខាន់ លើការ ពង្រឹងទីផ្សារក្នុងស្រុក និងការធ្វើពិពិធកម្ម ពាណិជ្ជកម្មក្រៅប្រទេស ។ ថ្មីៗនេះ រដ្ឋាភិបាលចិន បានចាក់បញ្ចូលសាច់ប្រាក់ប្រមាណ ១ទ្រីលានយ័ន (ប្រហែល ១៤០ ប៊ីលានដុល្លារ) ក្នុងចរន្តសេដ្ឋកិច្ច ដើម្បីជំរុញស្ថិរភាព ទីផ្សារ និងបង្កើនការប្រើប្រាស់ក្នុងស្រុក ដែលបានផ្តល់សន្ទុះថ្មី ក្នុងការបង្កើន ភាពរឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចចិន។

ក្រៅពីនេះ ប្រទេសចិនក៏បានព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មជាមួយដៃគូនានាលើពិភពលោក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគី ជាពិសេស ក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ឈរលើមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ និងការគោរពគ្នាទៅវិញទៅមក ប្រទេសចិនបានកា្លយទៅជា ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់ប្រទេសជាង ១៤០ នៅទូទាំងពិភពលោក ។ ថ្មីៗនេះ សហគ្រាសជាង ៣.៥០០ មកពីជាងប្រទេស ១២០ បានចូលរួមពិព័រណ៍នាំចេញ-នាំ ចូលអន្តរជាតិចិនលើកទី៧ នៅទីក្រុងសៀងហៃ ដើម្បីដាក់បង្ហាញផលិតផល បច្ចេកវិទ្យាកម្រិតខ្ពស់។

ទាំងនេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្ត របស់ចិនក្នុងការគាំទ្រដល់ពាណិជ្ជកម្មសេរី ការបើកចំហសេដ្ឋកិច្ច និងទំនុកចិត្តរបស់សហគមន៍អន្តរជាតិ មកលើភាពធន់នៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការត្រៀម ខ្លួនរួចជាស្រេចរបស់ចិន ក្នុងការដោះស្រាយ បញ្ហាប្រឈមនានា ដែលអាចកើតចេញពីភាព មិនច្បាស់លាស់ ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយអាមេរិកផងដែរ ។ ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលចិននៅតែសង្ឃឹមថា អាមេរិកនឹងជ្រើសរើស យកកិច្ចសហប្រតិបត្តិការជាមួយចិន ជាជាងការប្រឈមមុខដាក់គ្នា ហើយប្រកាន់ខ្ជាប់នូវ គោលការណ៍គោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំងស្វែងរកមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីសហការគ្នានាំមកនូវផលប្រយោជន៍ ដល់ប្រទេសទាំងពីរ និងពិភពលោក ដូចអ្វីដែលប្រធានរដ្ឋចិន ស៊ី ជីនពីង បានលើកឡើង ក្នុងសារលិខិតអបអរសាទរ ការជាប់ឆ្នោតរបស់ប្រធានាធិបតីត្រាំ។

ជារួម ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិកនាពេលអនាគតនៅតែបន្តជួបប្រទះនូវភាពតានតឹង និងការមិនចុះសម្រុងគ្នា ដរាបណាអាមេរិក នៅតែចាត់ទុកចិន ជាបន្លាក្នុងកែវភ្នែករបស់ខ្លួន ហើយប្រកាន់ យកការប្រឈមមុខ ដាក់គ្នាជាជាងកិច្ច សហប្រតិបត្តិការ ។ ទោះបីជាយ៉ាងនេះក្តី ចិនបានត្រៀម ខ្លួនរួចជាស្រេចក្នុង ការដោះស្រាយបញ្ហា ប្រឈមនានាក្នុង ទំនាក់ទំនង ពាណិជ្ជកម្មជាមួយអាមេរិក តាមរយៈការពង្រឹងសេដ្ឋកិច្ច ប្រកបដោយភាពធន់ រឹងមាំ និងបរិយាបន្ន ព្រមទាំងការធ្វើពិពិធកម្ម ដៃគូពាណិជ្ជកម្មជាមួយបណ្តា ប្រទេសនានាក្រៅពីអាមេរិក។

ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌល អភិវឌ្ឍន៍កម្ពុជា

To Top