កិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេស G20 លើកទី ១៩ បានប្រារព្ធធ្វើនៅទីក្រុង រីយ៉ូដឺចេណេរ៉ូ នៃប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ខែវិច្ឆិកា ក្រោមប្រធានបទ “កសាងពិភពលោកដ៏យុត្តិធម៌ និងភពផែនដីប្រកបដោយនិរន្តរភាព” ។ “យើងរំពឹងទុកថាប្រទេសចិន នឹងបន្តបញ្ចេញមតិសំខាន់ៗ ចំពោះការប្រមូលផ្តុំនូវគំនិតឯកភាពរួមស្តីពីការអភិវឌ្ឍ គាំទ្រកិច្ចសហប្រតិបត្តិការពហុភាគី និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៃពិភពលោកទាំងមូល” “យើងរំពឹងទុកថា ប្រទេសចិននឹងបន្តជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ច សេដ្ឋកិច្ចសកលដែលមានភាពកាន់តែ យុត្តិធម៌និងប្រកបដោយលក្ខណៈបរិយាប័ន្ន ។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ មជ្ឈដ្ឋានមតិអន្តរជាតិបាននាំគ្នាសម្តែងការរំពឹងទុកថា នៅក្នុងកិច្ចប្រជុំកំពូលក្រុង រីយ៉ូដឺចេណេរ៉ូនៃប្រទេសG20 ប្រទេសចិននឹងនាំមកនូវឱកាស អភិវឌ្ឍន៍ថ្មីៗដល់ពិភពលោក ។
ក្នុងនាមជាវេទិកាដ៏សំខាន់សម្រាប់ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចអន្តរជាតិ ប្រទេស G20 បានប្រមូលផ្តុំនូវអង្គភាពសេដ្ឋកិច្ច ដ៏ជឿនលឿនសំខាន់ៗ និងអង្គភាពសេដ្ឋកិច្ចទីផ្សារងើបឡើងថ្មី លើពិភពលោកទាំងមូលដែលមាន ទំហំសេដ្ឋកិច្ចសរុបប្រហែល៨៥ ភាគរយនិងចំនួនប្រជាជនពីរ ភាគបីនៃពិភពលោកទាំងមូល។ កាលពី ១៦ ឆ្នាំមុន ក្នុងគ្រាដ៏គន្លឹះបំផុតនៃវិបត្តិហិរញ្ញវត្ថុអន្តរជាតិ ការបើកធ្វើកិច្ចប្រជុំកំពូលនៃប្រទេស G20 បានជំរុញយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជៀសវាងកុំឱ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចូលក្នុងភាពថមថយខ្លាំងម្ដងទៀត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេស G20 បានធ្វើបរិវត្តកម្មពីយន្តការឆ្លើយតបនឹងវិបត្តិ ទៅជាយន្តការអភិបាលកិច្ចរយៈពេលវែង ជាបណ្តើរៗដែលបានក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចពិភពលោកឱ្យ សម្រេចបាននូវកំណើនដ៏ខ្លាំងក្លា ដែលប្រកបដោយនិរន្តរភាព តុល្យភាពនិងបរិយាប័ន្ន ។
នាពេលបច្ចុប្បន្ន ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មានភាពទន់ខ្សោយ ពិភពលោកទាំងមូលបាននិងកំពុង ប្រឈមមុខនឹងវិបត្តិជាច្រើន ដូចជាវិបត្តស្បៀងអាហារនិងថាមពលជាដើម ឯកតោភាគីនិយមនិងការពារនិយមបានងើបឡើងវិញ ហើយឱនភាពអភិវឌ្ឍន៍បានកើនឡើងយ៉ាងច្បាស់លាស់ ។ ព្រមពេលជាមួយគ្នានេះ ប្រទេស “សកលខាងត្បូង” បានងើបឡើងវិញជាក្រុម ប៉ុន្តែសំឡេងនិងការទាមទាររបស់ពួកគេ មិនត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ ក្នុងប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ នាពេលបច្ចុប្បន្ននោះទេ ។ ក្នុងបរិបទបែបនេះ សហគមន៍អន្តរជាតិរំពឹងចង់ឮសំឡេង សម្រាប់ដោះស្រាយបញ្ហាយ៉ាងពិតប្រាកដ ហើយរំពឹងថា រដ្ឋសមាជិកនៃប្រទេស G20 នឹងបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍសកលនិងធ្វើឱ្យ អភិបាលកិច្ចសកលមានសុក្រឹតភាព តាមរយៈស្មារតីនៃទំនាក់ទំនងភាពជាដៃគូ ។
ការអភិវឌ្ឍគឺជាបញ្ហាចម្បងបំផុត សម្រាប់ប្រទេសណាមួយទាំងអស់ ។ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេស G20 ប្រទេសចិនបានផ្តោតសំខាន់លើបញ្ហាអភិវឌ្ឍន៍ជាប់រហូតមក នេះគឺជាលក្ខណៈពិសេសដ៏លេចធ្លោមួយ ។ នៅក្នុងក្រុមការងារស្តីពី “ការប្រយុទ្ធប្រឆាំងនឹង ភាពអត់ឃ្លាននិងភាពក្រីក្រ” ដែលបានបង្កើតឡើងតាមសំណើ របស់ប្រទេសប្រេស៊ីលដែលជាប្រធាន ផ្លាស់វេននៃកិច្ចប្រជុំកំពូលនៃប្រទេស G20លើកនេះ ប្រទេសចិនបានចែករំលែកនិងផ្លាស់ប្តូរ គោលនយោបាយកាត់បន្ថយភាពក្រីក្រ និងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាជាច្រើនលើក ដែលជាសមាជិកដ៏រស់រវើក និងលេចធ្លោបំផុតមួយ ។
គួរបញ្ជាក់ផងដែរថា ជានិច្ចកាល ប្រទេសចិនតែងតែសង្កត់ធ្ងន់ពីការ អភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មី ជាពិសេសគឺសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍបៃតង ។ ឧទាហរណ៍ដូចជា ការរំពឹងទុកដ៏សំខាន់របស់ប្រទេសចិន ចំពោះការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេស G20នៅឆ្នាំនេះ គឺ ត្រួសត្រាយសក្តានុពល នៃសេដ្ឋកិច្ចឌីជីថល ហើយរំពឹងថា សមាជិកនៃប្រទេសG20 នឹងបន្តជំរុញការតភ្ជាប់ឌីជីថល ប្រកបដោយគុណភាពខ្ពស់និងបង្កើត បរិយាកាសសេដ្ឋកិច្ចឌីជីថល ដែលប្រកបដោយភាពបើកទូលាយ បរិយាប័ន្ននិងភាពមិនរើសអើង ។ លើសពីនេះទៅទៀត ប្រទេសចិនបានអំពាវនាវឱ្យជំរុញ យ៉ាងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យជាច្រើនដូចជាភាពបៃតងនិងកាបូនទាប ការការពារបរិស្ថាន ការធ្វើបរិវត្តកម្មថាមពល និងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាដើម ។
អាចឃើញថា ប្រធានបទនៃកិច្ចប្រជុំកំពូលក្រុង រីយ៉ូដឺចេណេរ៉ូនៃប្រទេស G20 នៅឆ្នាំនេះគឺ មានភាពស៊ីសង្វាក់គ្នាជាមួយទស្សនៈ អភិវឌ្ឍន៍និងគោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ។ ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិននឹងរួមសហកាជាមួយបណ្តាភាគីនានា ដើម្បីស្វែងរកការអភិវឌ្ឍរួម និងរួមគ្នាផ្តួចផ្តើមឱ្យមានពហុប៉ូលភាវូបនីយកម្ម ដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែល ផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាបន្ន។ ពិភពលោកមានហេតុផលរំពឹងថា ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញា និងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួម នៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល ៕