បរទេស៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រីបានចុះកិច្ចសន្យាធ្វើឃាត ដើម្បីសម្លាប់ប្រធានាធិបតី ប្រពន្ធរបស់គាត់ និងប្រធានសភាតំណាងរាស្រ្ត ប្រសិនបើលោកស្រីខ្លួនឯងត្រូវបានគេសម្លាប់ នៅក្នុងការគំរាមកំហែងជាសាធារណៈ ដែលលោកស្រីបានព្រមានថា មិនមែនជាការលេងសើចនោះទេ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លេខាធិការប្រតិបត្តិ Lucas Bersamin បានបង្វែរ “ការគំរាមកំហែងសកម្ម” ប្រឆាំងនឹងប្រធានាធិបតី Ferdinand Marcos Jr. ទៅកាន់កងកម្លាំងឆ្មាំប្រធានាធិបតីវរជន “សម្រាប់សកម្មភាពត្រឹមត្រូវភ្លាមៗ” ។ គេមិនទាន់ដឹងច្បាស់ថា តើនឹងមានចំណាត់ការបែបណា ចំពោះអនុប្រធានាធិបតីលោកស្រី Sara Duterte។
ទីបញ្ជាការសន្តិសុខប្រធានាធិបតី បានបង្កើនសន្តិសុខសម្រាប់លោក Marcos ហើយបាននិយាយថា ខ្លួនបានចាត់ទុកការគំរាមកំហែង របស់អនុប្រធានាធិបតីដែលត្រូវបាន “ធ្វើយ៉ាងព្រហើនជាសាធារណៈ” ជាបញ្ហាសន្តិសុខជាតិ។
កម្លាំងសន្តិសុខប្រធានាធិបតីបាននិយាយថា ខ្លួនកំពុង “សម្របសម្រួលជាមួយភ្នាក់ងារអនុវត្តច្បាប់ ដើម្បីស្វែងរក ទប់ស្កាត់ និងការពារប្រឆាំងនឹងការ គំរាមកំហែងណាមួយចំពោះប្រធានាធិបតី និងគ្រួសារ ជាអាទិភាព”។
លោកស្រី Sara Duterte ដែលជាមេធាវីមួយរូប ក្រោយមកបានព្យាយាមបង្វែរ ពីការលើកឡើងរបស់លោកស្រី ហើយបាននិយាយថា វាមិនមែនជាការគំរាមកំហែងពិតប្រាកដនោះទេ ប៉ុន្តែគ្រាន់តែជាការបង្ហាញនៃ ការព្រួយបារម្ភចំពោះការគំរាមកំហែង ដែលមិនជាក់លាក់ចំពោះជីវិតរបស់លោកស្រីផ្ទាល់។
លោកស្រីថា “ប្រសិនបើខ្ញុំបង្ហាញការព្រួយបារម្ភ ពួកគេនឹងនិយាយថា នោះជាការគំរាមកំហែងដល់ អាយុជីវិតរបស់ប្រធានាធិបតី?” ។ លោកស្រី បានប្រាប់អ្នកកាសែតថា “ហេតុអ្វីបានជាខ្ញុំត្រូវសម្លាប់គាត់ ប្រសិនបើមិនសងសឹក? គ្មានហេតុផលសម្រាប់ខ្ញុំដែលសម្លាប់គាត់នោះទេ។ តើមានប្រយោជន៍អ្វីសម្រាប់ខ្ញុំ?” ៕
ប្រែសម្រួលៈ ណៃ តុលា