បេរូត៖ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា ក្រុមហេសបូឡា និងអ៊ីស្រាអែលត្រូវតែដាក់សម្ពាធឱ្យ ទទួលយកសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ ដោយសន្យាផ្តល់ប្រាក់ចំនួន ២០០លានដុល្លារដល់កងទ័ពលីបង់។
លោក Borrell បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ របស់គាត់នៅទីក្រុងបេរ៉ូត ជាមួយប្រធានសភាលីបង់ លោក Nabih Berri ថា “យើងត្រូវតែដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល និងរក្សាសម្ពាធលើក្រុមហេសបូឡា ដើម្បីទទួលយកសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់” ។
លោកបានកត់សម្គាល់ថា សំណើនេះកំពុងរង់ចាំជាមួយនឹងកិច្ចព្រមព្រៀង ចុងក្រោយជាមួយរដ្ឋាភិបាលអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបរូបនេះ បានបន្ថែមថា សហគមន៍អន្តរជាតិមិនអាចនៅស្ងៀម នៅចំពោះមុខអ្វីដែលកំពុងកើតឡើងនោះទេ ដោយកត់សម្គាល់ថាសហភាពអឺរ៉ុបបានត្រៀមខ្លួន រួចជាស្រេចក្នុងការផ្តល់ថវិកាចំនួន ២០០លានដុល្លារ សម្រាប់គាំទ្រដល់កងទ័ពលីបង់។
លោក Borrell ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati ដែលបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការដាក់សម្ពាធ ដើម្បីបញ្ឈប់ “ការឈ្លានពាន” របស់អ៊ីស្រាអែលលើលីបង់ និងឈានដល់បទឈប់បាញ់ ៕
ប្រែសម្រួល ឈូក បូរ៉ា