JIUQUAN ៖ នៅថ្ងៃចន្ទនេះ ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណប ចំនួន២ ដោយប្រើគ្រាប់រ៉ុក្កែត Long March-2C បញ្ជូនចូលទៅក្នុងលំហ ។
គ្រាប់រ៉ុក្កែតនេះបានបាញ់បង្ហោះ នៅវេលាម៉ោង៧និង៣៩នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ដែលបានបាញ់ចេញ ពីមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យ នៃប្រទេសចិន ហើយបានបញ្ជូនផ្កាយរណបចំនួន២ គឺផ្កាយរណប Siwei Gaojing-2 03 និងផ្កាយរណប Siwei Gaojing-2 04 ទៅកាន់គន្លង ដែលបានកំណត់ទុកជាមុន ។
គួរបញ្ជាក់ថា នេះគឺជាបេសកកម្មបាញ់ បង្ហោះលើកទី៥៤៧នៃប្រភេទគ្រាប់រ៉ុក្កែត Long March ។
បង្កើតឡើងដោយក្រុមហ៊ុន Shanghai Academy of Spaceflight Technology ផ្កាយរណប Siwei Gaojing-2 03 និងផ្កាយរណប Siwei Gaojing-2 04 គឺជាផ្កាយរណបធ្វើផែន ទីមីក្រូវ៉េវពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយក្រុមហ៊ុន China Siwei Surveying and Mapping Technology Co., Ltd. ។
យោងតាមអ្នកអភិវឌ្ឍន៍បានបញ្ជាក់ថា ផ្កាយរណប Siwei ត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដា ដែលមានភាពជាក់លាក់ខ្ពស់ ដែលផ្តល់ឱ្យពិភពលោក នូវរូបភាពរ៉ាដា កម្រិតខ្ពស់ពេញ១ថ្ងៃ គ្រប់អាកាសធាតុ និងគុណភាពបង្ហាញខ្ពស់ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា