ព័ត៌មានអន្តរជាតិ

តម្លៃមាសពិភពលោកធ្លាក់ចុះជិត ១០០ដុល្លារ ដោយសារព័ត៌មានរបស់អ៊ីស្រាអែល និងក្រុមហេសបូឡា និងតំណែងរដ្ឋមន្ត្រីរតនាគារថ្មី របស់សហរដ្ឋអាមេរិក

AFP

បរទេស៖ តម្លៃលោហៈដ៏មានតម្លៃបានធ្លាក់ចុះ ៣ភាគរយ បន្ទាប់ពីមានព័ត៌មានថា អ៊ីស្រាអែល និងក្រុមហេសបូឡា ជិតឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ហើយលោក Trump មានជម្រើសសុវត្ថិភាពសម្រាប់តំណែង ជារដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅចុងបញ្ចប់នៃវគ្គជួញដូរនៅថ្ងៃទី ២៥ ខែវិច្ឆិកា តម្លៃមាសពិភពលោកបានធ្លាក់ចុះ ៩១ ដុល្លារ មកដល់ ២.៦២៤ ដុល្លារក្នុងមួយអោន។ នេះ​ជា​ការ​ធ្លាក់​ចុះ​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង​បំផុត ​ចាប់​តាំង​ពី​វគ្គ​ជួញដូរ​នៅ​ថ្ងៃ​ទី ៧ ខែ​មិថុនា។ នៅ​ព្រឹក​នេះ តម្លៃ​បាន​បន្ត​ធ្លាក់​ចុះ ដែល​បច្ចុប្បន្ន​នៅ​តម្លៃ ២.៦១៨ ដុល្លារ។

ការអភិវឌ្ឍន៍នេះបានបញ្ចប់វគ្គបន្ត នៃការកើនឡើងមាសចំនួន ៥ ជាប់ៗគ្នាកាលពីសប្តាហ៍មុន។ ការតែងតាំងរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ដើម្បីឱ្យមហាសេដ្ឋីផ្នែកវិនិយោគ គឺលោក Scott Bessent ជារដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថា ជាជម្រើសសុវត្ថិភាពសម្រាប់ទីផ្សារហិរញ្ញវត្ថុ ដែលបណ្តាលឱ្យតម្រូវការមាសធ្លាក់ចុះ។

លោក Daniel Ghali អ្នកយុទ្ធសាស្រ្តទំនិញនៅក្រុមហ៊ុន TD Securities បានអត្ថាធិប្បាយថា “លើសពីនេះ ព័ត៌មានដែលថា អ៊ីស្រាអែល និងលីបង់ ជិតឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល-ហេសបូឡាហ៍ គឺវាកាន់តែដាក់សម្ពាធលើមាស” ។

មាស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ជម្រក​សុវត្ថិភាព​ក្នុង​អំឡុង​ពេល ​នៃ​ភាព​មិន​ប្រាកដ​ប្រជា​ខាង​សេដ្ឋកិច្ច និង​នយោបាយ ដូចជា​ជម្លោះ​យោធា ឬ​សង្គ្រាម​ពាណិជ្ជកម្ម។ លោក Giovanni Staunovo អ្នកវិភាគនៅ UBS បាននិយាយថា ទីផ្សារមើលឃើញ លោក Bessent ជាជម្រើសអវិជ្ជមានតិចជាង នៅក្នុងសេណារីយ៉ូសង្រ្គាមពាណិជ្ជកម្ម។ ភាគហ៊ុនអាមេរិកក៏បានកើនឡើងផងដែរនៅថ្ងៃទី ២៥ ខែវិច្ឆិកា ខណៈដែលវិនិយោគិនសង្ឃឹមថា លោក Bessent នឹងជួយបន្ថយទិន្នផលសញ្ញាប័ណ្ណ (ប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់ រវាងបុគ្គលបោះផ្សាយមូលបត្របំណុល) ។

កាលពីសប្តាហ៍មុន តម្លៃមាសបានកើនឡើងជិត ៦ភាគរយ ដែលជាការកើនឡើងប្រចាំសប្តាហ៍ ដ៏ធំបំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០២៣ ដែលភាគច្រើនដោយសារតែការកើនឡើង នៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅសប្តាហ៍នេះ វិនិយោគិននឹងទទួលបានព័ត៌មានសំខាន់ៗ មួយចំនួនដែលអាចមានឥទ្ធិពល លើការសម្រេចចិត្តអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក។ ទាំងនេះរួមបញ្ចូលទាំងកំណត់ហេតុ នៃកិច្ចប្រជុំខែវិច្ឆិការបស់ Fed កែប្រែតួលេខ GDP ត្រីមាសទីបី និងសន្ទស្សន៍តម្លៃចំណាយផ្ទាល់ខ្លួន (PCE) – រង្វាស់អតិផរណាដែលពេញចិត្តរបស់ Fed ៕

ប្រែសម្រួលៈ ណៃ តុលា

To Top