បរទេស៖ ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខប៉ាគីស្ថាន និងអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី Imran Khan ដែលកំពុងជាប់ពន្ធនាគារនៅខាងក្រៅទីក្រុង Islamabad កាលពីល្ងាចថ្ងៃចន្ទ បានបណ្តាលឲ្យមន្ត្រីប៉ូលិស យ៉ាងហោចណាស់ម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អំពើហឹង្សាបានផ្ទុះឡើងនៅពេល ដែលអ្នកគាំទ្ររាប់ពាន់នាក់នៃគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់ប៉ាគីស្ថាន បានព្យាយាមចូលទៅក្នុងរដ្ឋធានី សម្រាប់ការតវ៉ាមួយរហូតដល់ការ ទាមទាររបស់ពួកគេត្រូវបានបំពេញ។
គណបក្សរបស់លោក Khan បានចោទប្រកាន់ប៉ូលីសពីបទ “បាញ់គ្រាប់កាំភ្លើងពិត” ទៅកាន់ក្រុមបាតុករ ខណៈដែលពួកគេបានមកដល់នៅខាងក្រៅទីក្រុង Islamabad ។ វាបានរាយការណ៍ពីអ្នករបួសរាប់សិបនាក់ ដោយនិយាយថា អាជ្ញាធរក៏បានចាប់ខ្លួន អ្នកតវ៉ា និងមេដឹកនាំ PTI រាប់រយនាក់ផងដែរ។ ភរិយារបស់លោក Khan គឺលោកស្រី Bushra Bibi កំពុងដឹកនាំការប្រមូលផ្តុំដែលបានចូល ទីក្រុងនៅមុនថ្ងៃរះនៅថ្ងៃច័ន្ទ ហើយត្រូវបានគេមើលឃើញថា កំពុងធ្វើដំណើរទៅកាន់ទីកន្លែងនេះ ទោះបីជាមានការរារាំង និងការបង្រ្កាបរបស់ប៉ូលីសក៏ដោយ។
ក្នុងពេលថ្លែងសុន្ទរកថា ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានព្រមានថា កងកម្លាំងសន្តិសុខត្រូវបានកំណត់ថា នឹងចាប់ខ្លួនជនណាដែលចូលទៅដល់កន្លែងនោះ។ លោកបានរាយការណ៍ពីការស្លាប់របស់មន្ត្រីប៉ូលិស ហើយបាននិយាយថា មន្ត្រីជាច្រើននាក់ទៀត ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរដែរបន្ទាប់ពីរងការបាញ់ប្រហារពីបាតុករ។
គណបក្ស PTI បានចាប់ផ្តើមការហែក្បួនតវ៉ាកាលពីថ្ងៃអាទិត្យ ជាផ្នែកនៃយុទ្ធនាការរបស់ខ្លួន ដើម្បីស្វែងរកការបញ្ចប់ការឃុំខ្លួនរបស់លោក Khan រួមជាមួយនឹងសមាជិកបក្សរាប់សិបនាក់ ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានឃុំខ្លួនដោយគ្មានការកាត់ទោស។ គណបក្សប្រឆាំងក៏បានទាមទារ ឱ្យលោកនាយករដ្ឋមន្ត្រី Shehbaz Sharif លាលែងពីតំណែង និងរដ្ឋាភិបាលចម្រុះរបស់គាត់ផងដែរ ដោយអះអាងថា ពួកគេបានមកពីការបោះឆ្នោត មិនប្រក្រតីដែលបានធ្វើឡើងនៅក្នុងខែកុម្ភៈ ៕
ប្រែសម្រួលៈ ណៃ តុលា