បរទេស៖ ក្រុមអ្នកគាំទ្រដែលស្វែងរកការដោះលែង អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ដែលកំពុងជាប់ឃុំ នៅថ្ងៃអង្គារបានទម្លុះរបាំងកុងតឺន័រ ដឹកជញ្ជូនដែលបិទខ្ទប់រដ្ឋធានី Islamabad របស់ប៉ាគីស្ថាន ខណៈដែលមនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់នៅក្នុងអំពើហិង្សាទាក់ទងនឹងការតវ៉ានេះ។ ក្រុមអ្នកតវ៉ាបានប្រយុទ្ធប្រឆាំងនឹងកម្លាំងសន្តិសុខ ហើយមិនអើពើនឹងការគំរាមរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបដោយការបាញ់កាំភ្លើង។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកស្លាប់រួមមានសមាជិកសេវាសន្តិសុខ ៤នាក់ និងជនស៊ីវិលម្នាក់ដែលបានស្លាប់នៅពេលដែល រថយន្តបើកបុកពួកគេនៅតាមផ្លូវ។ នាយករដ្ឋមន្ត្រី Shehbaz Sharif បានថ្កោលទោសការវាយប្រហារ នៅថ្ងៃអង្គារដោយនិយាយថា “ក្រុមអនាធិបតេយ្យ” មានចេតនាសំដៅលើបុគ្គលិកអនុវត្តច្បាប់។ មិនមានការអះអាងពីការទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ។ មន្ត្រីប៉ូលីសម្នាក់បានស្លាប់នៅក្នុង ឧប្បត្តិហេតុដាច់ដោយឡែកមួយ។
ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានគំរាមថា កងកម្លាំងសន្តិសុខនឹង ឆ្លើយតបដោយការបាញ់ប្រហារ ប្រសិនបើក្រុមបាតុករបានបាញ់អាវុធមកលើពួកគេ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេបាញ់ម្តងទៀត គ្រាប់កាំភ្លើងនឹងត្រូវបានឆ្លើយតប នឹងគ្រាប់កាំភ្លើង”។
ប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីព្យាយាមបំបែកហ្វូងមនុស្ស។ មនុស្សរាប់សិបនាក់ទៀតបានរងរបួស រួមទាំងអ្នកកាសែតដែលត្រូវបាន វាយប្រហារដោយអ្នកគាំទ្រលោក Khan ។ អ្នកគាំទ្ររបស់អតីតនាយករដ្ឋមន្រ្តី Khan ជាច្រើននាក់បានវាយអ្នកថតវីដេអូដែល យកព័ត៌មានអំពីការតវ៉ាសម្រាប់សារព័ត៌មាន Associated Press ហើយបានយកកាមេរ៉ារបស់គាត់។ គាត់បានរងរបួសក្បាល ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕
ប្រែសម្រួលៈ ណៃ តុលា