បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទបានអះអាងជាផ្លូវការនូវការផ្លាស់ប្តូរគោលនយោបាយ ដែលអាចអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារនៅខាងក្នុងប្រទេសរុស្ស៊ី ដោយប្រើមីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
មន្ត្រីអន្តរជាតិជាច្រើនបាននិយាយអំពីការផ្លាស់ប្តូរជំហរកាលពីសប្តាហ៍មុន ខណៈពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden និងរដ្ឋបាលរបស់គាត់នៅស្ងៀម ប៉ុន្តែទីក្រុងគៀវបានបាញ់គ្រាប់មីស៊ីល ATACMS រួចទៅហើយនៅតាមតំបន់ Bryansk របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទសប្តាហ៍មុន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃចន្ទថាពួកគេអាចប្រើប្រាស់មីស៊ីល ATACMS ដើម្បីការពារខ្លួនក្នុងមូលដ្ឋានដែលត្រូវការជាបន្ទាន់ ។
លោក Kirby បាននិយាយថា៖ យើងបានផ្លាស់ប្តូរការណែនាំ និងផ្តល់ការណែនាំដល់ពួកគេថាពួកគេអាចប្រើប្រាស់វា ដើម្បីវាយប្រហារប្រភេទជាក់លាក់នៃគោលដៅទាំងនេះដោយសំដៅ ទៅលើការវាយប្រហាររបស់អ៊ុយក្រែន នៅក្នុង និងជុំវិញតំបន់ Kurskផងដែរ។
គួរឲ្យដឹងដែរថាទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្តល់ប្រព័ន្ធសព្វាវុធដ៏មានឥទ្ធិពលដល់ទីក្រុងគៀវ ចាប់តាំងពីឆ្នាំ២០២២មក ខណៈពេលដែលរក្សាបានថា វាមិនធ្វើឱ្យពួកគេក្លាយជាភាគីនៃជម្លោះរុស្ស៊ី-អ៊ុយក្រែននោះទេ៕
ប្រែសម្រួល៖ ស៊ុនលី