ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសឈ្មោះ បេសកជន ពិសេស សម្រាប់កិច្ចការងារ នៅអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ឧត្តមសេនីយ៍យោធា ចូលនិវត្តន៍ Keith Kellogg នឹងក្លាយជាបេសកជនពិសេស របស់គាត់សម្រាប់ អ៊ុយក្រែន និងរុស្ស៊ី។

លោក Trump គ្រោងនឹងស្បថចូលកាន់តំណែង ជាប្រធានាធិបតី អាមេរិក ទី៤៧នៅថ្ងៃទី២០ខែមករា ឆ្នាំក្រោយប៉ុន្តែ មកទល់ពេលនេះ លោក​បាន​ប្រកាស​ឈ្មោះ ​មន្ត្រី​ក្នុងអាណត្តិរដ្ឋាភិបាលថ្មី របស់លោកជាច្រើន​រាប់សិប​រូប​រួច​ហើយ ដែល​ខ្លះ​ត្រូវ​អនុម័ត​ពី​ព្រឹទ្ធសភា​ជា​មុន​សិនក្តី។

លោក Trump បានសរសេរ នៅលើវេទិកាសង្គម Truth Social របស់គាត់កាលពីថ្ងៃពុធ ដោយប្រកាសពីការតែងតាំង Kellogg ថា៖គាត់គឺជាបុគ្គលដែលនៅជាមួយខ្ញុំតាំងពីដំបូងមក ។ រួមគ្នា យើងនឹងធានា សន្តិភាពតាមរយៈកម្លាំង និងធ្វើឱ្យអាមេរិក និងពិភពលោក មានសុវត្ថិភាពម្តងទៀត។

គួរឲ្យដឹងដែរថា លោក Kellogg បានបម្រើការជាប្រធានបុគ្គលិក សម្រាប់ក្រុមប្រឹក្សាសន្តិសុខជាតិ ក្នុងអំឡុងពេលអាណត្តិ ប្រធានាធិបតីដំបូង របស់លោក Trump (២០១៧-២០២១) ។

គាត់គឺជាជំនួយការកំពូល របស់អតីតអនុប្រធានាធិបតី Mike Pence និងជាទីប្រឹក្សាសន្តិសុខជាតិស្តីទីរបស់ Trump បន្ទាប់ពីការបណ្តេញ ឧត្តមសេនីយ៍ Michael Flynn ក្នុងខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Kellog និងអតីតជំនួយការលោក Trump ម្នាក់ទៀតគឺលោក Fred Fleitz នឹងចាប់ដៃគូគ្នាក្នុងការធ្វើការ ទៅលើបេសកកម្មបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលអនុប្រធានាធិបតីជាប់ឆ្នោតលោក JD Vance ធ្លាប់បានលើកឡើងនៅ ក្នុងបទសម្ភាសន៍ កាលពីខែកញ្ញារួចមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top