ព័ត៌មានអន្តរជាតិ

ក្រុមប្រទេសនៅអឺរ៉ុប សន្យាពង្រីកការគាំទ្រ សម្រាប់អ៊ុយក្រែន

AFP

ហែលស៊ីនគី៖ មេដឹកនាំនៃប្រទេស Nordic និង Baltic ចូលរួមដោយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បានសម្តែងការបន្ត និងពង្រីកការគាំទ្ររបស់ពួកគេ សម្រាប់អ៊ុយក្រែន ចំពេលកំពុងមានសង្គ្រាម អូសបន្លាយជាមួយរុស្ស៊ី។

ការសន្យានេះត្រូវបានធ្វើឡើងនៅពេលដែល នាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ ន័រវេស ប៉ូឡូញ និងស៊ុយអែត រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសនៃប្រទេសឡាតវី បានចាប់ផ្តើមកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅ Harpsund ដែលជាលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រីស៊ុយអែត ដែលត្រៀមនឹងចាកចេញពីតំណែង។ 

លោក Tusk បានចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាភ្ញៀវខណៈពេលដែល ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានចូលរួមក្នុងការជជែកដេញដោល តាមរយៈតំណភ្ជាប់ទូរស័ព្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានប្រាប់សន្និសីទសារព័ត៌មានរួមមួយកាលពីថ្ងៃពុធថា បណ្តាប្រទេសនានាបានយល់ព្រម បង្កើនការគាំទ្ររបស់ពួកគេ សម្រាប់អ៊ុយក្រែន ទាំងតាមរយៈការជំរុញឧស្សាហកម្ម ការពារជាតិរបស់អ៊ុយក្រែន និងដោយការផ្តល់នូវគ្រាប់រំសេវបន្ថែមទៀត។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានឲ្យដឹងផងដែរថា នឹងមានការវិនិយោគផ្ទាល់នៅក្នុង ឧស្សាហកម្មការពារជាតិនៅអ៊ុយក្រែន។  លោកស្រីបានបន្ថែមថា ជំនួយដល់អ៊ុយក្រែន មិនត្រូវប្រឈមមុខនឹង ការរឹតបន្តឹងណាមួយឡើយ។

នៅពេលត្រូវបានសួរអំពីការធ្លាក់ចុះ ដែលអាចកើតមាននៅក្នុងការគាំទ្ររបស់ សហរដ្ឋអាមេរិកក្រោមការគ្រប់គ្រងរបស់លោក ត្រាំ ក្នុងនោះលោក Tusk បានឲ្យដឹងថា អឺរ៉ុបគួរតែត្រូវបានរៀបចំ ដើម្បីជំនួសយ៉ាងហោចណាស់ផ្នែករបស់ខ្លួន ដោយកំណត់នេះជាឱកាសមួយ ដើម្បីបង្កើនសន្តិសុខអឺរ៉ុប ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top