ព័ត៌មានអន្តរជាតិ

បេសកកម្មប៉ូលីសអាកាស បាល់ទិករបស់អង្គការណាតូ បញ្ចប់ការដាក់ពង្រាយ នៅក្នុងប្រទេសឡាតវី

AFP

រីហ្គា៖ បេសកកម្មរបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលជាបេសកកម្មប៉ូលីសអាកាសបាល់ទិក បានបញ្ចប់ការដាក់ពង្រាយរបស់ខ្លួន នៅក្នុងប្រទេសឡាតវី ជាមួយនឹងពិធីមួយនៅឯមូលដ្ឋានទ័ពអាកាសនៅ Lielvarde ។

ក្នុងអំឡុងពេលបេសកកម្មនៅប្រទេសឡាតវី ដែលមានរយៈពេលពីខែមីនាដល់ខែវិច្ឆិកា យន្តហោះចម្បាំងត្រូវបានហោះ ចេញពីមូលដ្ឋានយោធាចំនួន ៥៤ ដងក្នុងការឆ្លើយតបទៅនឹង ការហៅទូរស័ព្ទជូនដំណឹង។

ឥឡូវនេះបេសកកម្មនឹងត្រឡប់ទៅមូលដ្ឋាន Amari ដែលត្រូវបានជួសជុលឡើងវិញ របស់ប្រទេសអេស្តូនី ជាកន្លែងដែលយន្តហោះចម្បាំង F-35 របស់ហូឡង់ នឹងត្រូវដាក់ពង្រាយនៅខែធ្នូ។

នេះគឺជាការប្ដូរវេនលើកដំបូង របស់បេសកកម្មនៅក្នុងប្រទេសឡាតវី ខណៈដែលមូលដ្ឋាន Amari កំពុងត្រូវបានជួសជុល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កួរបញ្ជាក់ថា ប្រទេសសមាជិកអង្គការណាតូ បានចូលរួមក្នុងបេសកកម្មប៉ូលីស អាកាសបាល់ទិកនៅលើមូលដ្ឋានប្ដូរវេន ចាប់តាំងពីខែមីនា ឆ្នាំ២០០៤ នៅពេលដែលរដ្ឋបាល់ទិក ត្រូវបានអនុញ្ញាតឱ្យចូលក្នុងសម្ព័ន្ធ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top