ព័ត៌មានអន្តរជាតិ

ការដាក់ពង្រាយមីស៊ីល ដ៏មានសក្ដានុពល របស់អាមេរិក នៅក្នុងប្រទេសជប៉ុន នឹងគំរាមកំហែង ដល់សន្តិសុខរុស្ស៊ី

AFP

មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ការដាក់ពង្រាយមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសជប៉ុន នឹងបង្កការគំរាមកំហែង ដល់សន្តិសុខរបស់ប្រទេសរុស្ស៊ី។

លោកស្រី  Zakharova បានកត់សម្គាល់ថា រុស្ស៊ីបានព្រមានម្តងហើយម្តងទៀត ដល់ភាគីជប៉ុន អំពីកិច្ចសហប្រតិបត្តិការ បែបនេះដោយបន្ថែមថាជាការឆ្លើយតបរុស្ស៊ី នឹងត្រូវបង្ខំឱ្យ “ចាត់វិធានការសមស្របចាំបាច់ ដើម្បីពង្រឹងសមត្ថភាព ការពារផ្ទាល់ខ្លួន” ។

អ្នកនាំពាក្យរូបនេះ ក៏បានសំដៅទៅលើគោលលទ្ធិ នៃការទប់ស្កាត់នុយក្លេអ៊ែរ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់រុស្ស៊ី ដើម្បីយល់ពីសកម្មភាពសក្តានុពល ដែលទីក្រុងម៉ូស្គូ អាចនឹងធ្វើ។

កន្លងមក អនុរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា រុស្ស៊ីកំពុងពិចារណាលើការ ដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី នៅក្នុងតំបន់អាស៊ី ប្រសិនបើមីស៊ីលរបស់អាមេរិក លេចឡើងនៅក្នុងតំបន់តែមួយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top