ព័ត៌មានអន្តរជាតិ

ពលរដ្ឋម៉ាឡេស៊ី ប្រមាណជាង ៣៧.០០០នាក់ រងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់

CNA

កូឡាឡាំពួរ៖ នៅថ្ងៃព្រហស្បតិ៍នេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងថា ពលរដ្ឋជាង៣៧.០០០នាក់ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងនៅក្នុងរដ្ឋចំនួន៦ របស់ប្រទេសម៉ាឡេស៊ី នៅក្នុងសប្តាហ៍នេះ ។

លោក Anwar បានប្រាប់ដល់សភាថា ជម្រកបណ្តោះអាសន្នចំនួន ៣២២កន្លែង ត្រូវបានបើកឲ្យដំណើរការនៅរដ្ឋ Kelantan, Terengganu, Kedah, Perlis, Johor និង Perak ដើម្បីធ្វើជម្រកដល់ជនភៀសខ្លួន ដោយសារគ្រោះទឹកជំនន់នេះ ។

លោក Anwar បានថ្លែងថា រដ្ឋ Kelantan ដែលស្ថិតនៅភាគឦសាន ជាប់ព្រំដែនប្រទេសថៃឡង់ដ៏ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយមានពលរដ្ឋចំនួន៣០.៥៨២នាក់មកពី ៩.២២៣គ្រួសារ ដែលបានរងផលប៉ះពាល់ ។

គេបានដឹងថា គ្រោះទឹកជំនន់ គឺជារឿងធម្មតាដែលបានកើតឡើង នៅលើតំបន់ឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសម៉ាឡេស៊ី នៅក្នុងរដូវខ្យល់មូសុងប្រចាំឆ្នាំ គិតចាប់ពីខែតុលាដល់ខែមីនា ដោយមនុស្សរាប់ពាន់នាក់ ត្រូវផ្លាស់ទីលំនៅជារៀងរាល់ឆ្នាំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top