បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ថា មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ ដែលត្រូវបានកាត់ទោសពីបទក្លែងបន្លំទ្រង់ទ្រាយធំ ត្រូវតែត្រឡប់មកវិញ នូវទឹកប្រាក់ចំនួន11ពាន់លានដុល្លារ ដើម្បីជៀសវាងការប្រហារជីវិត ដោយការចាក់ថ្នាំសម្លាប់ ។
ប្រភពដែលចេញផ្សាយដោយកាសែត The Bloomberg បានសរសេរថាចំពោះឱសានវាទត្រូវបានធ្វើឡើងដោយរដ្ឋអាជ្ញានៅទីក្រុងហូជីមិញ ដែលជាផ្នែកនៃសវនាការឧទ្ធរណ៍របស់ Truong My Lan ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ។
រំលឹកដែរថាមហាសេដ្ឋី ដែលមានអាយុ៦៨ឆ្នាំ ត្រូវបានគេរកឃើញថាមានកំហុសក្នុងខែមេសាពីបទកេងបន្លំប្រាក់ចំនួន ១២,៣ពាន់លានដុល្លារពីធនាគារ Saigon Commercial Bank (SCB) ក្នុងនាមជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group (VTP) ។ លោកស្រី Lan បានគ្រប់គ្រងធនាគារយ៉ាងមានប្រសិទ្ធភាពដោយប្រើបណ្ដាញសម្ព័ន្ធមិត្តនិងក្រុមហ៊ុន ជាបណ្តាញរបស់ខ្លួនជាច្រើន។
នាងត្រូវបានកាត់ទោសប្រហារជីវិតដោយការ ចាក់ថ្នាំសម្លាប់សម្រាប់ឧក្រិដ្ឋកម្មរបស់នាងដែលមានរយៈពេល១១ឆ្នាំ និងពាក់ព័ន្ធនឹងការសូកប៉ាន់មន្ត្រីរដ្ឋាភិបាល និងបំពានច្បាប់ផ្តល់ប្រាក់កម្ចីរបស់ធនាគារ ដោយការចេញប្រាក់កម្ចីក្លែងបន្លំ។
ទោះបីជាយ៉ាងណាក្តីនៅក្រោមច្បាប់វៀតណាម ចុងចោទត្រូវប្រគល់ប្រាក់យ៉ាង ហោចណាស់៧៥ភាគរយ នៃប្រាក់ដែលបានកេងប្រវ័ញ្ចមកវិញ ដើម្បីពិចារណាសម្រាប់ការកាត់ទោស ដែលមានស្ថានទោសស្រាលជាងមុន ៕
ប្រែសម្រួល៖ស៊ុនលី