ព័ត៌មានអន្តរជាតិ

អង់គ្លេស និងអាមេរិក កំពុងស៊ើបអង្កេត ករណីប្រទះឃើញយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង លើមូលដ្ឋានយោធាអាមេរិក ចំនួនបួននៅក្នុងចក្រភពអង់គ្លេស

afp

បរទេស៖ អាជ្ញាធរអង់គ្លេស និងអាមេរិក កំពុងស៊ើបអង្កេត បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហោះហើរលើមូលដ្ឋានយោធាអាមេរិកចំនួនបួននៅក្នុងចក្រភពអង់គ្លេស។ អង់គ្លេសបានដាក់ពង្រាយទាហានរាប់សិបនាក់ជុំវិញមូលដ្ឋានទ័ព ចំពេលមានការព្រួយបារម្ភថា ការហោះហើរឆ្លងព្រំដែនអាចជាទង្វើបោកបញ្ឆោត ឬការបំផ្លិចបំផ្លាញដោយសត្រូវដូចជារុស្ស៊ី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ កងកម្លាំងអាកាសសហរដ្ឋអាមេរិកនៅអឺរ៉ុបបាននិយាយថា “ប្រព័ន្ធអាកាសគ្មានមនុស្សបើកតូចៗនៅតែបន្តត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ជុំវិញ និងពីលើមូលដ្ឋានទ័ព Royal Air Force Lakenheath, RAF Mildenhall, RAF Feltwell និង មូលដ្ឋានទ័ព RAF Fairford ចាប់តាំងពីថ្ងៃទី ២០ ខែវិច្ឆិកា”។ កងកម្លាំងអាកាសសហរដ្ឋអាមេរិកបាននិយាយទៀតថា ចំនួននៃយន្តហោះគ្មានមនុស្សបើកបានមើលឃើញមានការប្រែប្រួល និងទាំងទំហំ និងការកំណត់រចនាសម្ព័ន្ធ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ភាគីអាមេរិកបន្តថា «រហូតមកដល់ពេលនេះ អ្នកដឹកនាំការមូលដ្ឋានបានកំណត់ថា គ្មានការញុះញង់ណាមួយប៉ះពាល់ដល់អ្នករស់នៅមូលដ្ឋាន គ្រឿងបរិក្ខារ ឬទ្រព្យសម្បត្តិនោះទេ។ កងកម្លាំងអាកាសកំពុងចាត់វិធានការសមស្របទាំងអស់ ដើម្បីការពារមូលដ្ឋានទ័ពដែលបានរៀបរាប់ខាងលើ និងអ្នករស់នៅរបស់ពួកគេ”។

មូលដ្ឋានទ័ព RAF Lakenheath នៅភាគខាងកើតអង់គ្លេសគឺជាផ្ទះរបស់កងទ័ពអាមេរិក US Air Force 48th Fighter Wing ដែលជាមូលដ្ឋានគ្រឹះនៃសមត្ថភាពប្រយុទ្ធរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប និងជាកន្លែងសម្រាប់យន្តហោះចម្បាំងបំបាំងកាយ F-35 ជាច្រើនគ្រឿងក្នុងចំណោមយន្តហោះដទៃទៀត។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់អាមេរិកចំនួន ៤គ្រឿង បច្ចុប្បន្នមានមូលដ្ឋាននៅ RAF Fairford នៅភាគខាងលិចនៃប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top