បរទេស៖ រដ្ឋាភិបាលថៃកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយជនរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តមួយចំនួននៅភាគខាងត្បូងប្រទេស ខណៈដែលផ្ទះជាង ២៤០.០០០ខ្នង បានទទួលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចល័តកាលពីថ្ងៃសុក្រនៅទីក្រុងឈៀងម៉ៃ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយថា លោកស្រីបានណែនាំដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anutin Charnvirakul និងអនុរដ្ឋមន្ត្រីការពារជាតិ ឧត្តមសេនីយ៍ Natthaphon Narkphanit ឱ្យត្រួតពិនិត្យមើលប្រតិបត្តិការជួយសង្គ្រោះទឹកជំនន់។
មជ្ឈមណ្ឌលរដ្ឋបាលខេត្តជាប់ព្រំដែនខាងត្បូង ក៏ត្រូវបានបញ្ជាឱ្យសម្របសម្រួលជាមួយមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះទឹកជំនន់របស់រដ្ឋាភិបាលផងដែរ ដើម្បីបង្កើតផ្ទះបាយសម្រាប់អ្នករងគ្រោះដែលបានជម្លៀសដោយទឹកជំនន់ ផ្តល់គ្រឿងបរិក្ខារពេទ្យ និងរៀបចំអាហារសម្រាប់ពួកគេ។
យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ របស់ថៃ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ២៤០.០០៧ គ្រួសារ នៅក្នុងស្រុកចំនួន ៦៨ ក្នុងខេត្ត Nakhon Si Thammarat, Phathalung, Satun, Songkhla, Pattani, Yala និង ខេត្ត Narathiwat បានរងគ្រោះដោយទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ ដែលត្រូវបានគេព្យាករណ៍ថានឹងបន្តនៅក្នុងតំបន់ជាច្រើនរហូតដល់ថ្ងៃអង្គារ បើតាមរបាយការណ៍ ទឹកជំនន់នៅពេលនេះ ក៏បានបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ផងដែរ។