ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងជើងថា រុស្ស៊ីមានសិទ្ធិការពារខ្លួន ប្រឆាំងនឹងអ៊ុយក្រែន ហើយថា រដ្ឋាភិបាល កងទ័ព និងប្រជាជនកូរ៉េខាងជើង នឹងឈរនៅខាងក្រុងមូស្គូជានិច្ច

kyodo

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើងបានផ្សាយថ្ងៃសៅរ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថា ការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន គឺជាលទ្ធផលនៃអន្តរាគមន៍យោធាដោយផ្ទាល់ពីសហរដ្ឋអាមេរិក ហើយថាទីក្រុងមូស្គូមានសិទ្ធិប្រយុទ្ធក្នុងការការពារខ្លួន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េកណ្តាល បានសរសេរថា លោក គីម ជុងអ៊ុន បានជួបរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov កាលពីថ្ងៃសុក្រ ហើយបានដកស្រង់សម្តីមេដឹកនាំកូរ៉េខាងជើងថា “សហរដ្ឋអាមេរិក និងលោកខាងលិច បានធ្វើឱ្យអាជ្ញាធរក្រុងគៀវ វាយប្រហារលើទឹកដីរុស្ស៊ី ជាមួយនឹងអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ពួកគេ។ ” លោក គីម បាននិយាយថា ប្រទេសរុស្ស៊ីគួរតែចាត់វិធានការដើម្បីធ្វើឱ្យ “កងកម្លាំងអរិភាពបង់ថ្លៃ” ។

KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន បាននិយាយថា “រដ្ឋាភិបាល កងទ័ព និងប្រជាជនកូរ៉េខាងជើង នឹងគាំទ្រជានិច្ចនូវគោលនយោបាយរបស់សហព័ន្ធរុស្ស៊ី ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ពីចលនារបស់ចក្រពត្តិនិយមសម្រាប់អនុត្តរភាព” ។

KCNA បានឱ្យដឹងទៀតថា លោក គីម បានសន្យាថា នឹងពង្រីកទំនាក់ទំនងជាមួយរុស្ស៊ីលើគ្រប់វិស័យ រួមទាំងកិច្ចការយោធា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលលោកបានចុះហត្ថលេខាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីខែមិថុនា ដែលរួមបញ្ចូលទាំងកិច្ចព្រមព្រៀងការពារទៅវិញទៅមក។

ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង មានទំនាក់ទំនងរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីមេដឹកនាំប្រទេសទាំងពីរ បានបើកកិច្ចប្រជុំកំពូលក្នុងខែកញ្ញាឆ្នាំ ២០២៣ នៅប្រទេសរុស្ស៊ី ហើយចាប់តាំងពីពេលនោះមក កូរ៉េខាងជើងបានដឹកជញ្ជូនគ្រាប់រំសេវជាង ១០.០០០ កុងតឺន័រទៅកាន់ប្រទេសរុស្ស៊ី ក៏ដូចជាកាំភ្លើងបាញ់បាញ់ពីលើស្មារ និងឧបករណ៍បាញ់គ្រាប់រ៉ុក្កែតជាច្រើនផងដែរ, នេះបើតាមទីភ្នាក់ងារចារកម្មរបស់ប្រទេស កូរ៉េចាងត្បូង៕

ប្រែសម្រួលៈ ណៃ តុលា

To Top