ព័ត៌មានអន្តរជាតិ

ជប៉ុន អង់គ្លេស និងអ៊ីតាលី កំពុងពិចារណាអនុញ្ញាតឲ្យ អារ៉ាប៊ីសាអូឌីត ចូលរួមក្នុងគម្រោងយន្តហោះចម្បាំង

kyodo

តូក្យូ៖ ប្រភពរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថាប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលីកំពុងពិចារណាអញ្ជើញអារ៉ាប៊ីសាអូឌីត ឱ្យចូលរួមក្នុងគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ក្រោយ របស់ពួកគេជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

ប្រភពបានឲ្យដឹងថា ចក្រភពអង់គ្លេសកំពុងស្វែងរកការជួយឧបត្ថម្ភដល់វិស្វករនៅក្នុងប្រទេសមជ្ឈិមបូព៌ា និងឧស្សាហកម្មការពារជាតិរបស់ខ្លួនជាថ្នូរនឹងការរួម ចំណែកផ្នែកហិរញ្ញវត្ថុរបស់ខ្លួនចំពោះគម្រោងត្រីភាគី ដែលប្រទេសទាំងបីមានបំណងដាក់ពង្រាយយន្តហោះដំបូងនៅឆ្នាំ២០៣៥។

ប្រភពដដែលបានឲ្យដឹងថា អារ៉ាប៊ីសាអូឌីត ទំនងជាមិនក្លាយជាដៃគូស្មើភាពគ្នាទេ ដោយសារតែមន្ត្រីមួយចំនួន នៃរដ្ឋាភិបាលបីផ្សេងទៀតមានការព្រួយបារម្ភអំពីសុវត្ថិភាពអ៊ីនធឺណិត និងបច្ចេកវិទ្យាការពាររបស់ខ្លួន ក៏ដូចជាភាពខុសគ្នានៃវប្បធម៌។

ត្រូវបានប្រកាសនៅក្នុងខែធ្នូ ឆ្នាំ២០២២ កម្មវិធីរួមគ្នាកើតឡើងនៅពេលដែលប្រទេសជប៉ុន និងបណ្តាប្រទេសនៅអឺរ៉ុប កំពុងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលមានសកម្មភាពបង្កហេតុរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការលុកលុយដ៏អូសបន្លាយរបស់រុស្ស៊ីលើអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងសមភាគីអង់គ្លេស និងអ៊ីតាលីលោក Keir Starmer និង Giorgia Meloni បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការអភិវឌ្ឍន៍រួមគ្នា ដែលត្រូវបានគេហៅថា Global Combat Air Program ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅប្រទេសប្រេស៊ីលកាលពីដើមខែនេះនៅខាងក្រៅនៃកិច្ចប្រជុំកំពូល G20 នៅទីក្រុងរីយ៉ូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top