ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាម នឹងហាមឃាត់បារីអេឡិចត្រូនិក ចាប់ពីឆ្នាំ២០២៥តទៅ

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រដ្ឋសភាប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ បានយល់ព្រមហាមឃាត់ការផលិត ការលក់ ការនាំចូល ការផ្ទុក ការដឹកជញ្ជូន និងការប្រើប្រាស់បារីអេឡិចត្រូនិច ចាប់ពីឆ្នាំ២០២៥ ដើម្បីការពារសុខភាពប្រជាជនរបស់ខ្លួន។

រដ្ឋសភាបានស្នើឲ្យរដ្ឋាភិបាលអនុវត្តបម្រាមនេះ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន អំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃបារីអេឡិចត្រូនិច។

កន្លងមក រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Dao Hong Lan បាននិយាយថា បារីអេឡិចត្រូនិច ចាំបាច់ត្រូវតែត្រូវបានហាមឃាត់ ដោយសារតែវាប៉ះពាល់ដល់សុខភាព។ ប្រតិភូរដ្ឋសភាក៏បានឯកភាពថា គោលនយោបាយហាមឃាត់ និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះការលក់ខុសច្បាប់គឺជាការចាំបាច់។

បើយោងតាមក្រសួងសុខាភិបាលបានប្រាប់ដឹងថា បើទោះជាមិនមែនជាថ្នាំជក់បែបប្រពៃណីក៏ដោយ ក៏បារីអេឡិចត្រូនិចអាចញៀនបាន ដោយសារតែកម្រិតជាតិនីកូទីនខ្ពស់របស់វា ក៏ដូចជាបង្កឱ្យកើតជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា មហារីកជាដើម ៕

To Top