ព័ត៌មានអន្តរជាតិ

អតិផរណារបស់តំបន់ចាយប្រាក់អឺរ៉ូ កើនឡើងដល់ ២,៣ភាគរយនៅក្នុងខែវិច្ឆិកា

DW

ព្រុចសែល៖ អត្រាអតិផរណាប្រចាំឆ្នាំរបស់តំបន់ចាយប្រាក់អឺរ៉ូ សម្រាប់ខែវិច្ឆិកាត្រូវបានគេរំពឹងថានឹងឈានដល់ ២,៣ភាគរយកើនឡើងពី ២ភាគរយនៅក្នុងខែតុលា នេះបើយោងតាមការប៉ាន់ប្រមាណ ដែលចេញផ្សាយកាលពីថ្ងៃសុក្រដោយ Eurostat ។

តម្លៃសេវាកម្មនៅតែជាកត្តាជំរុញចម្បងនៃអតិផរណានៅក្នុងតំបន់អឺរ៉ូ ជាមួយនឹងអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំនៅ ៣,៩ភាគរយ និងអតិផរណាប្រចាំឆ្នាំ សម្រាប់អាហារ គ្រឿងស្រវឹង និងថ្នាំជក់នៅ ២,៨ភាគរយ។

ទំនិញឧស្សាហកម្មមិនមែនថាមពល បានចុះបញ្ជីអត្រាអតិផរណាប្រចាំឆ្នាំ ០,៧ភាគរយនៅក្នុងខែវិច្ឆិកា កើនឡើងពី ០,៥ ភាគរយនៅក្នុងខែមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ បែលហ្ស៊ិក​បាន​កត់ត្រា​អត្រា​អតិផរណា​ខ្ពស់​បំផុត​សម្រាប់​ខែ​វិច្ឆិកា​ក្នុង​អត្រា ៥ភាគរយ​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ក្រូអាស៊ី​ចំនួន ៤ភាគរយ ទាំង​អេស្តូនី និង​ហូឡង់​មាន ៣,៤ភាគរយ។

សម្រាប់ប្រទេស ដែលមានសេដ្ឋកិច្ចធំ អត្រាអតិផរណារបស់ប្រទេសបារាំងក្នុងខែវិច្ឆិកា មានកម្រិត ១,៧ភាគរយ ខណៈដែលអតិផរណារបស់ប្រទេសអេស្ប៉ាញបានកើនឡើងដល់ ២,៤ ភាគរយ ហើយប្រទេសអាល្លឺម៉ង់នៅតែមានស្ថិរភាពនៅ ២,៤ភាគរយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top