ម៉ូស្គូ៖ ការធ្លាក់ព្រិលលើកដំបូង បានគ្របដណ្តប់ភាគច្រើននៃប្រទេសអ៊ុយក្រែន ក្នុងសប្តាហ៍នេះខណៈដែលប្រជាពលរដ្ឋមានបញ្ហាដោយអារម្មណ៍នៃការបារម្ភកាន់តែខ្លាំងឡើង ចំពោះរដូវរងាដ៏អាក្រក់ចំពេលមានអរិភាព ដែលកំពុងបន្ត និងការដាច់ចរន្តអគ្គិសនី។
ដោយទទួលរងផលវិបាកជាយូរមកហើយនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន មនុស្សកាន់តែច្រើនឡើងទាំងសងខាងប្រាថ្នាចង់បានសន្តិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការវាយប្រហារថ្មីៗរបស់រុស្ស៊ីលើបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន រួមផ្សំនឹងសីតុណ្ហភាពធ្លាក់ចុះ បានបង្ខំក្រុមហ៊ុនថាមពលរដ្ឋ Ukrenergo ឱ្យអនុវត្តការរឹតបន្តឹងថាមពលកាន់តែតឹងរ៉ឹងនៅក្នុងទីក្រុងគៀវ និងតំបន់ចំនួន ១៦ផ្សេងទៀត។
នៅទីក្រុង Odesa ដែលជាទីក្រុងកំពង់ផែសមុទ្រខ្មៅក្នុងប្រទេសអ៊ុយក្រែន គ្រួសារមួយចំនួនបានស៊ូទ្រាំនឹងការដាច់ភ្លើងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការវាយប្រហារដ៏ធំមួយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ សម្រាប់លោកស្រី Tamara ដែលជាស្ត្រីមេផ្ទះអាយុ ៣៥ឆ្នាំរស់នៅក្នុងផ្ទះឯកជនមួយនៅជាយក្រុងនោះ បានឲ្យដឹងថា យើងគ្មានអគ្គិសនីមិនមានអ្វីទាំងអស់”។
លោកស្រី Tamara បានលើកឡើងថា “នៅក្នុងផ្ទះរបស់យើង អ្វីៗដំណើរការដោយអគ្គិសនី។ បើគ្មានវា គ្មានភ្លើង គ្មានកំដៅ គ្មានទឹក ហើយយើងក៏មិនអាចចំអិនបានដែរ”។
ទោះបីជាលោកស្រីជាម្ចាស់ស្ថានីយ៍ថាមពលចល័ត និងម៉ាស៊ីនភ្លើងក៏ដោយ ក៏ពួកគេអាចផ្តល់ការសង្គ្រោះបានមួយផ្នែកប៉ុណ្ណោះ។ ស្ថានីយ៍ថាមពលមិនអាចគ្រប់គ្រងឡចំហាយបាននោះទេ ខណៈពេលដែលម៉ាស៊ីនភ្លើង មានការពិបាកសម្រាប់រូបនាងក្នុងការដំណើរការតែម្នាក់ឯង៕
ប្រែសម្រួល ឈូក បូរ៉ា