ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសចិននឹង “តភ្ជាប់” ពិភពលោកទាំងមូលដោយឥតឈប់ឈរ ដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយទៅជា “ខ្សែសង្វាក់ឈ្នះ-ឈ្នះ” យ៉ាងពិតប្រាកដ

ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះ មានសហគ្រាស ស្ថាប័ននិងអង្គការអន្តរជាតិជាង ៦២០ បានចូលរួមពិព័រណ៍ដែលបានកើនឡើងប្រហែល ២០ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកទីមួយ អនុបាតនៃសហគ្រាសបរទេសដែលចូលរួមពិព័រណ៍លើកនេះបានកើនឡើងពី ២៦ ភាគរយក្នុងឆ្នាំ២០២៣ ដល់ ៣២ ភាគរយក្នុងឆ្នាំនេះ ឯអនុបាតនៃសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកបានកើនឡើង ៤២ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។ ក្នុងចំណោមសហគ្រាសបរទេសដែលចូលរួមពិព័រណ៍លើកនេះ សហគ្រាសអាមេរិកមានចំនួនច្រើនបំផុត ហើយសហគ្រាសទុនអឺរ៉ុបនិងជប៉ុនក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ។ ទោះបីជាទំហំតាំងពិព័រណ៍នៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះបានពង្រីកធំក៏ដោយ ក៏ប៉ុន្តែស្តង់តាំងពិព័រណ៍នៃពិព័រណ៍លើកនេះ គឺ នៅតែពិបាកទទួលបាន ។ ហេតុអ្វីបានជាពិភពលោកត្រូវការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន ?

បើនិយាយចំពោះសហគ្រាសទុនបរទេស ជាបឋម អ្វីដែលពួកគេបានយកចិត្តទុកដាក់ គឺ ឱកាសសម្រាប់ការផ្លាស់ប្តូរនិងធ្វើកិច្ចសហប្រតិបត្តិការដែលបាននាំមកក្នុងវេទិកា “ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់” ដែលបានបង្កបង្កើតដោយប្រទេសចិន ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយនៅលើសកលលោក ដែលធ្វើឡើងក្រោមប្រធានបទស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានក្លាយជាផលិតផលសាធារណៈអន្តរជាតិ ដែលពិភពលោកចែករំលែកជាមួយគ្នា។ ឆ្នាំនេះ ការចូលរួមពិព័រណ៍រួមគ្នារបស់សហគ្រាសចិន និងបរទេសបានក្លាយជាចំណុចលេចធ្លោមួយ ។

នាពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ប្រទេសមួយចំនួនតូចនៅតែបានឃោសនាបំប៉ោងពី “ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច” ជាមួយប្រទេសចិនដដែល ហើយបានធ្វើការពិគ្រោះពិភាក្សាដើម្បីដាក់ចេញនូវវិធានការគាំពារនិយមដូចជា ដំឡើងពន្ធគយជាដើមដែលបានប៉ះពាល់ដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ទង្វើបែបនេះ គឺ មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ វាក៏អាចមើលឃើញពីសន្ទស្សន៍ពាក់ព័ន្ធក្នុងការដាក់តាំងបង្ហាញជាលើកដំបូងក្នុងពិព័រណ៍លើកនេះផងដែរ ពោលគឺ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ សន្ទស្សន៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកលបានកើនឡើងពី ០,២៧ ដល់ ០,៦៦ ។ ឥស្សរជនដែលចូលរួមពិព័រណ៍លើកនេះសម្គាល់ឃើញជាទូទៅថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្ទស្សន៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ពីការជំរុញការតភ្ជាប់ផ្នែកហេដ្ឋរចនាសម័្ពន្ធដល់ការជំរុញការធ្វើឌីជីថលភាវូបនីយកម្ម និងភាពវៃឆ្លាតនៃខ្សែសង្វាក់ផ្គត់ផ្គង់រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន ប្រទេសចិនបាននិងកំពុងបំពេញបន្ថែមនូវ “ប្រេងរំអិល” សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ។

លើសពីនេះទៅទៀត អ្វីដែលសហគ្រាសទុនបរទេសកាន់តែយកចិត្តទុកដាក់ គឺជាសមត្ថភាពរបស់ចិនក្នុងការ"តភ្ជាប់"ពិភពលោកទាំងមូល ។ ក្នុងនាមជាប្រទេសធំបំផុតខាងផលិតកម្មនិងជាប្រទេសធំខាងការធ្វើពាណិជ្ជកម្មទំនិញលើទូទាំងពិភពលោក ប្រទេសចិនគឺជាផ្នែកដ៏សំខាន់មួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ ប្រទេសចិនបាននាំមកនូវផលិតផលដែលប្រកបដោយតម្លៃសមរម្យដល់អ្នកប្រើប្រាស់សកលដើម្បីផ្តល់ការធានាដ៏សំខាន់ដល់ការដំណើរការនៃគ្រប់ផ្នែកនៃសេដ្ឋកិច្ច ។

ព្រមពេលជាមួយគ្នានេះប្រទេសចិនគឺជាប្រទេសមួយដែលមានប្រភេទឧស្សាហកម្មសព្វគ្រប់ជាងគេ និងមានប្រព័ន្ធល្អពេញលេញជាងគេក្រោមស្តង់ដានៃអង្គការសហប្រជាជាតិ ដែលបានលើកកម្ពស់យ៉ាងលេចធ្លោនូវប្រសិទ្ធភាពប្រតិបត្តិ និងកាត់បន្ថយដើមទុនធ្វើអាជីវកម្មរបស់សហគ្រាសទុនបរទេស ។

បើសម្លឹងមើលឱ្យវែងឆ្ងាយ នៅក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច មានតែប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការ និងការបើកទូលាយខាងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ទើបអាចសម្រេចបាននូវនូវការអភិវឌ្ឍឈ្នះ-ឈ្នះ ។ ប្រទេសចិនបានជំរុញយ៉ាងសកម្មនូវការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ និងគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាប់រហូតមកដែលបានពង្រឹងជំនឿចិត្ត របស់សហគ្រាសទុនបរទេសក្នុងការចូលរួមយ៉ាងសកម្ម ។ យោងតាមលទ្ធផលនៃការស្ទង់មតិរបស់ក្រុមប្រឹក្សាចិន សម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិចំពោះសហគ្រាសទុនបរទេសជាង ៤០០ បានបង្ហាញថា សហគ្រាសដែលមានចំនួនលើសពី ៦០ ភាគរយសម្គាល់ឃើញថា គោលនយោបាយរបស់ប្រទេសចិនមានតួនាទីគាំទ្រដ៏ល្អបង្គួរ ហើយអះអាងជាទូទៅថា អាចទទួលអារម្មណ៍ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។

ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ការអភិវឌ្ឍនិងរីកចម្រើនរបស់ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលបានជំរុញកំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោក ។ ប្រឈមមុខនឹងភាពមិនប្រាកដប្រជានៅពេលអនាគត ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលកាន់តែមានភាពធន់ និងភាពរស់រវើកក៏កាន់តែមានភាពចាំបាច់ជាងពេលណាៗទាំងអស់ ។ ប្រទេសចិននឹង “តភ្ជាប់” ពិភពលោកទាំងមូលដោយឥតឈប់ឈរ ដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយទៅជា “ខ្សែសង្វាក់ឈ្នះ-ឈ្នះ” យ៉ាងពិតប្រាកដ ៕

To Top