ប៉ុន្មានថ្ងៃនេះ ការបង្ហាញឥរិយាបថមួយចំនួនរបស់លោក Lee Hsien Loong ទីប្រឹក្សារដ្ឋសិង្ហបុរីដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីមតិសាធារណៈអន្តរជាតិ។ អ្នកវិភាគជាច្រើនយល់ឃើញថា លោក Lee Hsien Loong បានវាយតម្លៃយ៉ាងប្រាកដប្រាជាចំពោះប្រទេសចិនក្នុងការជំរុញការបើកចំហ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញសន្តិភាព និងវឌ្ឍនភាពរបស់ពិភពលោក ហើយក៏បានច្រានចោលនូវការឃោសនាបំប៉ោង ដែលថាសេដ្ឋកិច្ចប្រទេសចិនមានភាពអន់ថយដែរ។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lee Hsien Loongនៅប្រទេសចិនបន្ទាប់ពីលោកបានលាលែងពីមុខតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរីក្នុងខែឧសភាឆ្នាំនេះ។ ដំណើរទស្សនកិច្ចលើកនេះធ្វើនៅទីកន្លែងចំនួន៣ គឺទីក្រុង Suzhou ប៉េកាំង និងសៀងហៃ។ ក្នុងនាមជាអ្នកនយោបាយជើងចាស់ដ៏ល្បីមួយរូប លោក Lee Hsien Loong ជា “មិត្តចាស់” របស់ប្រជាជនចិន ហើយធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសចិនលើសពីដប់ដងក្នុងអំឡុងពេលកាន់តំណែង។ ការវិភាគ និងការវិនិច្ឆ័យរបស់លោកនិងលោកLee Kuan Yew ដែលជាឪពុករបស់លោក Lee Hsien Loong អំពីមាគ៌ាអភិវឌ្ឍន៍ និងគោលនយោបាយចំពោះបរទេសរបស់ប្រទេសចិន បានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការយល់ដឹងដ៏ត្រឹមត្រូវរបស់សហគមន៍អន្តរជាតិចំពោះប្រទេសចិន។
ថ្ងៃទី២៦ខែវិច្ឆិកា នៅពេលជួបពិភាក្សាការងារជាមួយលោកLee Hsien Loongនៅទីក្រុងប៉េកាំង លោកXiJinpingប្រធានរដ្ឋចិនបានកោតសរសើរចំពោះលោកដែលបានយកចិត្តទុកដាក់និងគាំទ្រកិច្ចសហប្រតិបត្តិការចិន-សិង្ហបុរីក្នុងរយៈពេលយូរ ហើយបានស្វាគមន៍ភាគីសិង្ហបុរីបន្តធ្វើជាអ្នកនាំមុខគេនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។លោកLee Hsien Loongបានរំលឹកឡើងវិញថា ខ្លួនពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតរបស់ប្រទេសចិន លោកបានថ្លែងថា សិង្ហបុរីនឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងដំណើរការទំនើបកម្មតាមបែបផែនចិន។
លោក Lee Hsien Loong មានជំនឿចិត្តលើការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន នេះមិនត្រឹមតែផ្អែកលើបទពិសោធដ៏ជោគជ័យរបស់កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងចិនប៉ុណ្ណោះទេ ថែមទាំងក៏បានមកពីការយល់ដឹងដោយសត្យានុម័ត គ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅរបស់លោកអំពីនិន្នាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនផងដែរ។ ក្នុងពេលជាមួយគ្នានេះ លោកក៏បានមើលឃើញពីទំនួលខុសត្រូវរបស់ប្រទេសធំមួយក្នុងសកម្មភាពរបស់ប្រទេសចិន ដែលគាំពារយ៉ាងមុតមាំនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់និងការបើកចំហ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបរទេស។
ពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយបានកើតឡើងឥតឈប់ឈរ ហើយឯកតោភាគីនិយម និងគាំពារនិយមកំពុងងើបឡើងវិញ។ សហគមន៍អន្តរជាតិព្រួយបារម្ភថា ប្រសិនបើសង្គ្រាមពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរឡើងនៅពេលអនាគត នោះការអភិវឌ្ឍជាសកលប្រហែលនឹងកាន់តែអាក្រក់ទៅៗ។ មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា នៅពេលជួបជាមួយលោកLee HsienLoongនៅទីក្រុងប៉េកាំង លោក XiJinping ប្រធានរដ្ឋចិនបានថ្លែងថា ភាគីចិនរីករាយរួមសហការជាមួយភាគីសិង្ហបុរី ដើម្បីអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ សម្របទៅតាមនិន្នាការនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច គាំពារសច្ចយុត្តិធម៌អន្តរជាតិ ទប់ស្កាត់នឹងការប្រឈមមុខដាក់គ្នាជាក្រុម និងការបែកបាក់និងបដិបក្ខគ្នា ក៏ដូចជាកសាងសហគមន៍រួមវាសនារបស់អាស៊ី។ លោក Lee Hsien Loongបានថ្លែងថា ប្រទេសនានាគួរប្រកាន់ខ្ជាប់នូវចក្ខុវិស័យវែងឆ្ងាយ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម ខំប្រឹងសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការហើយរួមគ្នាឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈម ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងដល់ប្រជាជន។ ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាសំខាន់ៗដែលយកចិត្តទុកដាក់ដូចគ្នា ដូចជាទំនាក់ទំនងរវាងចិន និងអាមេរិក និងស្ថានការណ៍ក្នុងតំបន់ជាដើម។
អាចមើលឃើញថាប្រទេសចិន និងសិង្ហបុរីមានគំនិតឯកភាពរួមកម្រិតខ្ពស់ក្នុងការដោះស្រាយហានិភ័យ និងបញ្ហាប្រឈមជាសកល។ ដូចប្រសាសន៍របស់លោក XiJinping ប្រធានរដ្ឋចិនដែលបានលើកឡើងក្នុងពេលជួបជាមួយលោក Lee Hsien Loong ថា ប្រឈមមុខនឹងហានិភ័យនិងការសាកល្បង គ្មានប្រទេសណាមួយអាចយកសុខតែខ្លួនឯងនោះឡើយ ការប្រកាន់ខ្ជាប់នូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ការបើកចំហ និងបរិយាបន្នទើបជាមាគ៌ាត្រឹមត្រូវ៕