ព័ត៌មានអន្តរជាតិ

តំបន់ហ្គាហ្សា ប្រឈមមុខនឹងការទម្លាក់គ្រាប់បែកលើជនស៊ីវិលយ៉ាងខ្លាំងបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ

xinhua

ហ្គាហ្សា៖ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងថា តំបន់ហ្គាហ្សា បានស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែករបស់ជនស៊ីវិល ដ៏ខ្លាំងក្លាបំផុតនៅក្នុងឆ្នាំមុនចាប់តាំងពីសង្គ្រាមលោកលើកទី២ ។

ប្រភពបានឲ្យដឹងថា ស្ថានភាពជនភៀសខ្លួនប៉ាឡេស្ទីននៅតែជា “វិបត្តិជនភៀសខ្លួន ដែលមិនទាន់ដោះស្រាយយូរបំផុត” នៅលើពិភពលោក ដោយកត់សម្គាល់ថា UNRWA ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជំនួយ និងការការពារដល់ជនភៀសខ្លួនប៉ាឡេស្ទីន រហូតដល់ដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែងត្រូវបានរកឃើញ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ដើម្បីរំលឹកដល់ទិវាអន្តរជាតិ នៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនដែលបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី២៩ ខែវិច្ឆិកា។

អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់បានស្លាប់ និងប្រហែល ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤៤,៣៦៣នាក់ហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top