OTTAWA៖ លោកនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា Justin Trudeau បានថ្លែងកាលពីថ្ងៃសុក្រអំពីចូលមកដល់ការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លើពន្ធគួរតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ។
លោក Trudeau ត្រូវបានដកស្រង់សម្តីដែលបានថ្លែងនៅលើកោះ Prince Edward ថា “រឿងមួយដែលសំខាន់ក្នុងការយល់កាន់តែច្បាស់នោះ គឺថា លោក ដូណាល់ ត្រាំ នៅគ្រាដែលលោកធ្វើសេចក្តីថ្លែងការណ៍បែបនោះ លោកមានគម្រោងអនុវត្តវាមិនខាន” ។ “មិនទាន់មានការចោទសួរអំពីករណីនេះនៅឡើយទេ” ។
លោក Trudeau បានថ្លែងថា “តាមពិតទៅ គាត់នឹងមិនគ្រាន់តែធ្វើបាបជនជាតិកាណាដាតែប៉ុណ្ណោះទេ គាត់ពិតជានឹងដំឡើងថ្លៃសម្រាប់ពលរដ្ឋអាមេរិកាំងផងដែរ និងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្ម និងអាជីវកម្មសហរដ្ឋអាមេរិក” ។
យោងតាមរបាយការណ៍ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រទេសកាណាដា អាចប្រើវិធីសាស្រ្តដូចគ្នាក្នុងការធ្វើការជាមួយលោក ត្រាំ ដូចដែលកាណាដា បានធ្វើក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់កាលធ្វើជាប្រធានាធិបតី ។
គួររំលឹកថា កាលពីយប់ថ្ងៃពុធ លោក Trudeau បានបើកកិច្ចប្រជុំនិម្មិតជាមួយរដ្ឋមន្ត្រីទាំង ១៣រូប ដើម្បីពិភាក្សាអំពីការគំរាមកំហែងពន្ធរបស់លោក ត្រាំ ។ ឧបនាយករដ្ឋមន្ត្រី Chrystia Freeland បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីប្រើប្រាស់ទំនាក់ទំនងបណ្តាញ និងសមត្ថភាពទាំងអស់របស់ពួកគេ ដើម្បីបញ្ជូនព័ត៌មាន និងសារសំខាន់ៗទៅកាន់ជនជាតិអាមេរិកាំង និងមនុស្សដែលមានឥទ្ធិពល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា