បរទេស៖ ប្រទេសថៃបានឱ្យដឹងថា នាវាកងទ័ពជើងទឹកមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារលើទូកនេសាទរបស់ខ្លួន ធ្វើអ្នកនេសាទម្នាក់លង់ទឹក និងចាប់ខ្លួននាវិក ៣១ នាក់ ទៀត។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Thanatip Sawangsang បាននិយាយកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថា ទូកនេសាទពីរគ្រឿងក្នុងចំណោម ១៥គ្រឿង ត្រូវបានរងការបាញ់នៅពេលកំពុងប្រតិបត្តិការក្នុងជម្រៅប្រហែល ៧-១០ គីឡូម៉ែត្រក្នុងដែនទឹករបស់ប្រទេសមីយ៉ាន់ម៉ា។ អ្នកនេសាទបីនាក់បានលោតចូលសមុទ្រ អ្នកនេសាទម្នាក់លង់ទឹក និងពីរនាក់ត្រូវបានទាហានជើងទឹកថៃជួយសង្គ្រោះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានប្រាប់អ្នកយកព័ត៌មានថា ឧបទ្ទវហេតុនេះគ្រាន់តែជាការបាញ់ព្រមានមួយប៉ុណ្ណោះ មិនមែនជាការវាយប្រហាររបស់កងទ័ពជើងទឹកមីយ៉ាន់ម៉ា នៅលើទូកនេសាទថៃនោះទេ។
ទូកដែលដឹកអ្នកនេសាទ៣១នាក់ក៏ត្រូវមីយ៉ាន់ម៉ាចាប់យកផងដែរ ហើយកងទ័ពជើងទឹកថៃកំពុងចរចាដើម្បីឱ្យមានការដោះលែងពួកគេ។ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយផងដែរថា ទីភ្នាក់ងារនេះកំពុងធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកមធ្យោបាយដោះលែងអ្នកនេសាទ និងដើម្បីកំណត់ថាតើមានការបំពានច្បាប់អន្តរជាតិដែរឬទេ។
ប្រែសម្រួលៈ ណៃ តុលា