វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញថា លោកនឹងរារាំងក្រុមហ៊ុន Nippon Steel Corp. ពីការទិញយកក្រុមហ៊ុន United States Steel Corp. ដោយប្តេជ្ញាថា នឹងរារាំងកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ បន្ទាប់ពីវិលត្រឡប់ទៅកាន់ សេតវិមានវិញនៅខែក្រោយ។
លោក ត្រាំ បានឲ្យដឹងនៅលើវេទិកា Truth Social របស់លោកថា “ខ្ញុំប្រឆាំងនឹងទាំងស្រុងនូវដែកថែប របស់សហរដ្ឋអាមេរិកដ៏អស្ចារ្យ និងមានឥទ្ធិពល ដែលត្រូវបានទិញដោយ ក្រុមហ៊ុនបរទេសពោលគឺក្រុមហ៊ុន Nippon Steel របស់ប្រទេសជប៉ុន” ។
ការប្រកាសនេះបានកើតឡើង នៅពេលដែលក្រុមហ៊ុនផលិតដែកថែប ឈានមុខគេរបស់ជប៉ុនសង្ឃឹមថានឹងបញ្ចប់ការទិញ ដែលបានគ្រោងទុករបស់ខ្លួន ពីផលិតករអាមេរិកនៅចុងឆ្នាំនេះ ដោយលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។
លោកបានលើកឡើងថា “តាមរយៈការលើកទឹកចិត្តពន្ធ និងពន្ធជាបន្តបន្ទាប់ យើងនឹងធ្វើឱ្យក្រុមហ៊ុនដែកថែប របស់សហរដ្ឋអាមេរិករឹងមាំ និងអស្ចារ្យម្ដងទៀត ហើយវានឹងកើតឡើងយ៉ាងលឿន! ក្នុងនាមជាប្រធានាធិបតី ខ្ញុំនឹងរារាំងមិនឱ្យកិច្ចព្រមព្រៀងនេះកើតឡើងនោះទេ”។
ក្នុងអំឡុងពេលប្រកួតប្រជែងប្រធានាធិបតី លោក ត្រាំ បានសន្យាថា ប្រសិនបើជាប់ឆ្នោតលោកនឹងរារាំង កិច្ចព្រមព្រៀងទិញយក ដែលបានព្រមព្រៀងដោយ អ្នកគ្រប់គ្រងក្រុមហ៊ុនផលិត ដែកទាំងពីរដែលមានតម្លៃជាង ១៤ពាន់លានដុល្លារ។
ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន US Steel ក៏បានគាំទ្រការកាន់កាប់នេះផងដែរ ដែលមានបំណងធ្វើឱ្យវាកាន់តែ មានការប្រកួតប្រជែងជាសកល ហើយនឹងបង្កើតក្រុមហ៊ុនផលិតដែកថែប ធំជាងគេទីបីរបស់ពិភពលោកតាមបរិមាណ ៕