ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ គោលនយោបាយ ពន្ធគយ របស់រដ្ឋាភិបាល អាមេរិក អាណត្តិថ្មី បំផ្លាញផលប្រយោជន៍ ទាំងអ្នកដទៃផង និងខ្លួនឯងផង

ពេលថ្មីៗកន្លងទៅនេះ លោកត្រាំប្រធានាធិបតី ជាប់ឆ្នោតរបស់អាមេរិក បានបង្ហោះសារតាមគណនី បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា អាមេរិកគ្រោង នឹង យកពន្ធគយ២៥% ចំពោះទំនិញដែលនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ក្នុងពេលជាមួយគ្នានេះ នឹងដំឡើងពន្ធគយ១០%ចំពោះទំនិញទាំងអស់ ដែលនាំចូលពីប្រទេសចិន ។

ទោះបីជាមិនទាន់ឡើងកាន់មុខតំណែងក៏ដោយ ប៉ុន្តែលោកត្រាំ ក៏បានចាប់ផ្តើមត្រៀមលក្ខណៈ សម្រាប់បញ្ជីពន្ធគយរួចហើយ ។ ទាក់ទិននឹងករណីនេះ រដ្ឋាភិបាលម៉ិកស៊ិកបានថ្លែងថា ប្រសិនបើភាគីអាមេរិកទទូចធ្វើបែបនេះ នោះភាគីម៉ិកស៊ិកនឹងសងសឹកដូចគ្នាវិញ ដោយដំឡើងពន្ធគយចំពោះផលិតផលរបស់អាមេរិក ។ ដើម្បីទប់ទល់នឹងការគំរាមកំហែងខាងពន្ធគយ លោកTrudeau នាយករដ្ឋមន្រ្តីកាណាដា បានធ្វើដំណើរទៅដល់រដ្ឋផ្លរីដា នៃប្រទេសអាមេរិក ដើម្បីជួបពិភាក្សាការងារជាមួយលោកត្រាំ ។ ក្រៅពីនេះ មន្រ្តីជាន់ខ្ពស់មួយរូប នៃប្រទេសកាណាដា បានថ្លែងថា បន្ទាប់ពីលោកត្រាំបញ្ចេញការគំរាមកំហែង ខាងពន្ធគយ កាណាដា កំពុងត្រៀមលក្ខណៈ សម្រាប់ឆ្លើយតបនឹងស្ថានការណ៍ដែលនឹងកើតឡើងជាយថាហេតុ ព្រមទាំងចាប់ផ្តើម គិតពិចារណាពីការយកពន្ធគយ ជាលក្ខណៈសងសឹក ចំពោះផលិតផលអាមេរិកមួយចំនួន ។

បើនិយាយចំពោះអាមេរិក គោលនយោបាយពន្ធគយ មានផលល្អផង ហើយក៏មានផលអាក្រក់ផងដែរ ។ ក្នុងរយៈពេលដ៏ខ្លីខាងមុខ គោលនយោបាយពន្ធគយ ប្រហែលនឹងជំរុញ ឱ្យឧស្សាហកម្មកម្មន្តសាល នៃប្រទេសអាមេរិកស្តារឡើងវិញ ជួយឧស្សាហកម្មក្នុងស្រុកអាមេរិកទទួលការអភិវឌ្ឍ ហើយបង្កើតឱកាសការងារកាន់ តែច្រើន។ប៉ុន្តែ បើមើលពីរយៈពេលវែង ការដំឡើងពន្ធគយនឹងបណ្តាលឱ្យដើមទុន នៃទំនិញនាំចូលកើនឡើង ដើម្បីស្រោចស្រង់ការខាតបង់ទាំងនេះ ជាធម្មតា ពាណិជ្ជករនាំចូលនឹងដំឡើងថ្លៃលក់ទំនិញ ចុងក្រោយ ពន្ធគយដែល ត្រូវបានដំឡើង នឹងរ៉ាប់រងដោយអ្នកប្រើប្រាស់។លោកKnittelសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេតអាមេរិកបានថ្លែងថា “យើងសម្គាល់ឃើញថា ប្រហែលពន្ធគយ ចំនួន៧៥%នឹងត្រូវរ៉ាប់រងដោយអ្នកប្រើប្រាស់” ។ នេះគឺមានន័យថា គ្រួសារជនជាតិអាមេរិកគិតជាមធ្យមនឹងចំណាយប្រហែល១២០០ដុល្លារអាមេរិកបន្ថែមទៀតក្នុងមួយឆ្នាំ។

បើនិយាយ ចំពោះប្រទេសចិន ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន បានបង្កើនភាពធន់នៃសេដ្ឋកិច្ចឥតឈប់ឈរ តាមរយៈយុទ្ធសាស្រ្តពាណិជ្ជកម្ម ដ៏ច្រើនបែបយ៉ាង ។ ខណៈប្រឈមមុខ នឹងកម្លាំងសម្ពាធមកពីខាងក្រៅ ក៏អាចប្រកាន់ស្មារតីនឹងធឹងឥតស្លន់ស្លោដែរ។ ប្រទេសចិនបានពន្លឿនកិច្ចកសាងដំណើរវិលជុំនៃសេដ្ឋកិច្ចក្នុងស្រុក ព្រមពេលជាមួយគ្នានេះ បានត្រួសត្រាយយ៉ាងសកម្ម នូវទីផ្សារងើបឡើងថ្មី ហើយពន្លឿនការជំរុញសកលភាវូបនីយកម្ម ប្រាក់យាន់ចិននិងលើកកម្ពស់លំដាប់ថ្នាក់ តាមរយៈការបង្កើន កិច្ចសហប្រតិបត្តិការស្តីពី “ខ្សែក្រវាត់និងផ្លូវ” និងបង្កើតកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច យ៉ាងទូលំទូលាយជាមួយអាស៊ាន រុស្ស៊ី អាហ្រ្វិក និងអាមេរិកឡាទីន ជាដើម។ ទស្សនាវដ្តី«The Diplomat» របស់អាមេរិកបានចុះផ្សាយអត្ថបទថា បើមើលពីទស្សនៈរបស់ប្រទេសចិន ការសងសឹកដ៏ល្អបំផុត គឺប្រើកម្លាំងជាក់ស្តែងមកការពារខ្លួនឯង ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពង្រឹងកម្លាំង ជាក់ស្តែងខាងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបរិយាកាស អន្តរជាតិដែលកាន់តែមិនប្រាកដប្រាជា ។

បើមើលពីចក្ខុវិស័យ ទូទាំងពិភពលោក គោលនយោបាយពន្ធគយរបស់លោកត្រាំ នឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយ ចំពោះខ្សែសង្វាក់ឧស្សាហកម្មសកល ។ ខ្សែសង្វាក់ផ្គត់ផ្គង់ ដ៏ជិតស្និទ្ធរវាងអាមេរិក កាណាដានិងម៉ិកស៊ិកប្រហែល នឹងកែសម្រួលដោយបង្ខំ ផលិតភាពមួយចំនួនប្រហែលនឹងផ្ទេរទៅកាន់ប្រទេសនិងតំបន់ផ្សេងទៀត ដូច្នេះ នឹងបង្កើតជាថ្មីឡើងវិញ នូវរចនាសម្ព័ន្ធដើមទុន និងនិម្មាបនកម្មប្រកួតប្រជែង នៃឧស្សា្កម្មកម្មន្តសាលពិភពលោក ។ ក្នុងពេលជាមួយគ្នានេះ គោលនយោបាយនេះក៏នឹងបណ្តាល ឱ្យវិវាទពាណិជ្ជកម្មរវាងអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀត កាន់តែធ្ងន់ធ្ងរ ក៏ដូចជារង្គោះរង្គើដល់ស្ថិរភាព របស់ពាណិជ្ជកម្មសកលផងដែរ ។

លោកត្រាំនិងអ្នកគាំទ្រ របស់គាត់បានយល់ឃើញថា គោលនយោបាយពន្ធគយអាចជំរុញ ឱ្យឧស្សាហកម្មកម្មន្តសាលវិលត្រឡប់ទៅរកអាមេរិកវិញ ជំរុញដល់កំណើននៃឱកាសការងារ ហើយបង្កើនសមត្ថភាព ជាម្ចាស់ការរបស់សេដ្ឋកិច្ចអាមេរិក។ប៉ុន្តែ ក្នុងដំណើរការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ សកម្មភាពសេដ្ឋកិច្ច រវាងបណ្តាប្រទេសនានា និងរវាងតំបន់នានា លើពិភពលោក វាគឺពឹងផ្អែកគ្នាទៅវិញទៅមក និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ការដំឡើងពន្ធគយមានតែធ្វើឱ្យអតិផរណា របស់អាមេរិកកាន់តែធ្ងន់ធ្ងរ ព្រមទាំងបណ្តាល ឱ្យវិវាទពាណិជ្ជកម្មសកលឡើងកម្តៅថែមមួយកម្រិតទៀតប៉ុណ្ណោះ ចុងក្រោយ សង្រ្គាមពាណិជ្ជកម្ម ដែលបំផុសឡើង ដោយអាមេរិកនឹង ប៉ះពាល់ដល់ពិភពលោកទាំងមូល គោលនយោបាយពន្ធគយ នឹងនាំមកនូវផលអាក្រក់ ដែលបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផង និងខ្លួនឯងផងបែបនេះ អាមេរិកគួរគិតមុនសឹមគូរ!

To Top