ព័ត៌មានអន្តរជាតិ

លិចកប៉ាល់ដឹកទំនិញ នៅដែនសមុទ្រក្រហមប្រទេសអេហ្ស៊ីប ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន

Al Jazeera

អេហ្ស៊ីប៖ យោងតាមក្រសួងបរិស្ថានរបស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងថា កាលពីថ្ងៃចន្ទ កប៉ាល់ដឹកទំនិញដែលមានទង់ជាតិកូម៉ូរ៉ូស បានចាប់ផ្តើមលិចនៅជិតថ្មប៉ប្រះទឹកផ្កាថ្ម ពីឆ្នេរសមុទ្រនៃទីក្រុង Quseir ក្នុងដែរគ្រប់គ្រងនៅសមុទ្រក្រហមរបស់ប្រទេសអេហ្ស៊ីប ។

កប៉ាល់ដែលមានឈ្មោះថា VSG Glory ដែលផ្ទុកកន្ទក់ ៤.០០០តោន ប្រេងម៉ាស៊ូត ៧០តោន និងឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ ៥០តោន បានកំពុងធ្វើដំណើរពីប្រទេសយ៉េមែន ឆ្ពោះទៅកាន់កំពង់ផែ Tawfiq ក្នុងទីក្រុង Suez នៅគ្រាដែលនោះវាបានលិច ហើយសមាជិកនាវិកទាំង ២១នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាព ហើយបច្ចុប្បន្នកំពុងត្រូវបានសាកសួរព័ត៌មានដោយអាជ្ញាធរអេហ្ស៊ីប ។

ក្រសួងខាងលើបានឱ្យដឹងថា ខ្យល់បានបោកបក់ខ្លាំង រលកខ្ពស់ និងដំណើរការខុសបច្ចេកទេសបានធ្វើឱ្យកប៉ាល់បាត់បង់ការគ្រប់គ្រង និងបុកជាមួយនឹងថ្មប៉ប្រះទឹក ដែលបណ្តាលឱ្យមានស្នាមប្រេះប្រវែង ៦០សង់ទីម៉ែត្រ ។

ក្រសួងបានឲ្យដឹងទៀតថា ទឹកសមុទ្របានហូរចូលលិចបន្ទប់ម៉ាស៊ីន ហើយឥន្ធនៈម៉ាស៊ូតបានចាប់ផ្តើមលេចធ្លាយចូលទៅក្នុងទឹកដែលនៅជុំវិញ ដែលបង្កឲ្យមានការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម  ទំាងនោះ ។

សេចក្តីប្រកាសបានឲ្យដឹងថា ថ្វីបើមានការខិតខំប្រឹងប្រែងជួយសង្គ្រោះកប៉ាល់នេះក៏ដោយ ទីបំផុតវាបានក្រឡាប់ និងបានលិចដោយសារតែការខូចខាតយ៉ាងខ្លំាង និងលក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top