ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​អាមេរិក​ បញ្ឈប់​ការ​ផ្តល់​ជំនួយ និង​ការ​ជំរុញដល់កម្លាំងឯករាជ្យ​តៃវ៉ាន់

AFP

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្តល់ជំនួយ និងការជំរុញដល់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ។

លោក Lin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើមេដឹកនាំតៃវ៉ាន់លោក Lai Ching-te ដែលជួបគ្នាតាមទូរស័ព្ទជាមួយ អតីតប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ខណៈដែលលោក Lai កំពុងធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលរួមមានការឈប់សម្រាកនៅកោះហាវ៉ៃ។

លោកបានលើកឡើងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះគ្រប់ទម្រង់នៃអន្តរកម្មផ្លូវការ រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ នូវរាល់ទម្រង់នៃចលនារបស់ សហរដ្ឋអាមេរិកក្នុងការជួយ ឬគាំទ្រក្រុមផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” និងសកម្មភាពផ្តាច់ខ្លួនរបស់ពួកគេ។

លោកបន្ដថា សំណួរតៃវ៉ាន់ គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន ហើយជាខ្សែក្រហមដំបូង ដែលមិនអាចឆ្លងកាត់បាននៅក្នុង ទំនាក់ទំនងប្រទេសចិន-អាមេរិក។

លោកបានជំរុញឱ្យសហរដ្ឋអាមេរិក មើលឃើញយ៉ាងពេញលេញនូវ លក្ខណៈបំបែកខ្លួនរបស់លោក Lai Ching-te និងអាជ្ញាធរគណបក្សប្រជាធិបតេយ្យតៃវ៉ាន់ យល់ឱ្យបានពេញលេញអំពី ការខូចខាតយ៉ាងធ្ងន់ធ្ងរនៃសកម្មភាពបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គោរពយ៉ាងពេញលេញ ដោយគោលការណ៍​ចិនតែមួយ និងសេចក្ដីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ និងបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការពាក់ព័ន្ធនឹងតៃវ៉ាន់ ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top