ព័ត៌មានអន្តរជាតិ

Update: បក្សប្រឆាំងរបស់កូរ៉េខាងត្បូង អំពាវនាវឱ្យប្រធានាធិបតី Yoon Suk Yeol លាលែងពីតំណែង បន្ទាប់ពីលោកប្រកាសច្បាប់អាជ្ញាសឹក បានត្រឹម៦ម៉ោង

AFP

បរទេស៖ សមាជិកសភាគណបក្សប្រឆាំង នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol លាលែងចេញពីតំណែង ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី បានដាក់ច្បាប់អាជ្ញាសឹក ក្នុងរយៈពេលខ្លីមួយនៅក្នុងសកម្មភាព ដែលមិននឹកស្មានដល់ ដែលបានធ្វើឱ្យប្រទេសជាតិ មានការភ្ញាក់ផ្អើល។

មិនដល់រយៈពេល៦ម៉ោងស្រួលបួលផង បន្ទាប់ពីសភារបស់ប្រទេសនេះបានលុបចោលក្រឹត្យច្បាប់អាជ្ញាសឹក លោក Yoon បានគាំទ្រដោយនិយាយថា ក្រឹត្យនេះនឹងត្រូវបានដកចេញ ហើយកងកម្លាំងច្បាប់អាជ្ញាសឹក ក៏ត្រូវដកចេញផងដែរ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការរបស់លោក Yoon គឺជា “ការរំលោភយ៉ាងធ្ងន់ធ្ងរ” នៃរដ្ឋធម្មនុញ្ញរបស់ប្រទេស។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា “វាគឺជាទង្វើដ៏ធ្ងន់ធ្ងរនៃការបះបោរ និងផ្តល់នូវហេតុផលដ៏ល្អឥតខ្ចោះសម្រាប់ការចោទប្រកាន់របស់គាត់” ។

គណបក្សនេះបាននិយាយបន្ថែមទៀតថា ប្រសិនបើលោក Yoon មិនលាលែងពីតំណែងទេ នោះវានឹង «ចាប់ផ្តើមដំណើរការចោទប្រកាន់ភ្លាមៗស្របតាមឆន្ទៈរបស់ប្រជាជន»។ ការិយាល័យរបស់លោក Yoon បាននិយាយនៅថ្ងៃពុធថា ទីប្រឹក្សាប្រធានាធិបតី និងលេខាជាន់ខ្ពស់ បានស្នើឱ្យលាលែងពីតំណែង។

ភាពចលាចលនេះបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានភាពច្របូកច្របល់ ដោយបាននាំឱ្យសន្ទស្សន៍ KOSPI ធ្លាក់ចុះជាង 2.3% នៅក្នុងការជួញដូរដំបូងមុនពេលការងើបឡើងវិញនៅពេលថ្ងៃត្រង់។

នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអង្គារ លោក Yoon ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញពីភាពត្រឹមត្រូវនៃក្រឹត្យរបស់លោក ដោយលើកឡើងពីតម្រូវការដើម្បីលុបបំបាត់ “កងកម្លាំងប្រឆាំងរដ្ឋ” និង “ការពារសណ្តាប់ធ្នាប់ប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញ” ។
ប្រែសម្រួលៈ ណៃ តុលា

To Top