ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសតែងតាំងលោក Warren Stephens អ្នកវិនិយោគិនធនាគារ ឲ្យធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅចក្រភពអង់គ្លេស

afp

វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានតែងតាំងលោក Warren Stephens ដែលជាវិនិយោគិនធនាគារដែលមានវ័យ ៦៧ឆ្នាំមកពីរដ្ឋ Arkansas ឲ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបន្ទាប់ប្រចាំនៅចក្រភពអង់គ្លេស ។

លោក ត្រាំ បានថ្លែងថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា លោក Warren A. Stephens… ត្រូវបានតែងតាំងឱ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ St. James’s ដែលជាតួនាទីដែលគាត់នឹងដើរតួជាអ្នកតំណាងរបស់យើងប្រចាំចក្រភពអង់គ្លេស”  គាត់បានបង្ហោះនៅលើបណ្តាញសង្គម Truth Social ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់គាត់តែម្តង ។

សមាជិកសភាសាធារណៈរដ្ឋដ៏យូរអង្វែងម្នាក់ និងជានាយកប្រតិបត្តិនៃធនាគារវិនិយោគឯកជនដែលមានមូលដ្ឋាននៅរដ្ឋ Arkansas ដែលមានក្រុមហ៊ុន Stephen Inc. លោក Stephens បានបរិច្ចាគប្រាក់រាប់លានដុល្លារដល់យុទ្ធនាការប្រធានាធិបតីរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ និងឆ្នំា២០២៤នេះ ។

គេបានដឹងថា លោក Stephens តែងតែមិនគាំទ្រដល់លោក ត្រាំ នៅគ្រាដែលលោក ត្រាំ បានឈរឈ្មោះជាប្រធានាធិបតីជាលើកដំបូងនៅក្នុងឆ្នាំ២០១៦ ដោយគាត់គឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុនៃចលនានយោបាយប៉ុណ្ណោះ ដែលព្យាយាមបញ្ឈប់ការឡើងកាន់តំណែងរបស់លោក ត្រាំ  ។

នៅក្នុងអំឡុងការបោះឆ្នោតបឋមប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋឆ្នាំ២០២៤នេះ  លោក Stephens គឺជាអ្នកផ្តល់ជំនួយដ៏សំខាន់ដល់បេក្ខជនប្រធានាធិបតី និងជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley ដែលជាអ្នកចុងក្រោយដែលបោះបង់មុខតំណែង និងបើកផ្លូវសម្រាប់ការតែងតាំងរបស់លោក ត្រាំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top